ភ្នំពេញ៖ រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនប៉ើងទៅបោកផ្ទប់នឹងក្បាលនាគចែកទ្រូងផ្លូវ បណ្តាលខូតខាតយ៉ាងដំណំ បន្ទាប់ពីកើតហេតុរថយន្តមួយគ្រឿងបើករត់គេចខ្លួនបាត់បន្សល់ទុកស្លាកលេខនៅនឹងកន្លែងកើតហេតុ នៅក្នុងហេតុការណ៍នេះសំណាងមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១០យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ កែងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើរថយន្តឡិចស៊ីស RX300 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-5849 បើកបរតាមបណ្តោយផ្លូវលេខ៥២៨ ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿង ខណៈមកចំណុចផ្លូវបែកជាបួនបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-1562 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងពេញទំហឹងប៉ើងទៅផ្ទុបនឹងក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យឡិចស៊ីសGS300 ខូតខាតយ៉ាងដំណំ ។ ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោលដោយជ្រុះស្លាកលេខនៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ