ខេត្តកំពត៖ ជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ចេញពីជួរភ្នំបានធ្វើឲ្យកំណាត់ផ្លូវចូលទៅកាន់ទៅកាន់តំបន់អភិវឌ្ឍន៍តាកែន កោះស្លាយោធិនពិការ៣១៧រង នូវការខូចខាតជាច្រើនកន្លែង ក្នុងនោះស្ពានតេជោអភិវឌ្ឍន៍ ស្ថិតនៅក្បែទីតាំងបណ្តុះកូនឈើ ក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បានបាក់ស្រុតក្បាលស្ពានមិនអាចឲ្យរថយន្តដឹកទំនិញធ្វើចរាចរបានឡើយ បើកឆ្លងកាត់បានតែរថយន្តទេសចរណ៍ប៉ុណ្ណោះ ។
ដោយមើលឃើញពីបញ្ហាប្រឈម និងគ្រោះថ្នាក់ ដែលអាចកើតឡើងគ្រប់ពេលវេលា អាជ្ញាធរឃុំ និងស្រុកបានដាក់កម្លាំងយោធាឲ្យប្រចាំការគ្រប់ពេលវេលា និងដាក់សញ្ញាសម្គាល់ហាមមិនឲ្យរថយន្តធន់ធំបើកឆ្លងកាត់ ធ្វើចរាចរបានតែរថយន្តជាលក្ខណៈគ្រួសារ ប៉ុណ្ណោះ ។
ពាក់ព័ន្ធបញ្ហាគ្រោះទឹកជំនន់បំផ្លាញផ្លូវ និង ស្ពាននេះដែរលោកសាន គ្រីយ៉ា មេឃុំតេជោអភិវឌ្ឍន៍បានប្រាប់ដូច្នេះថា ជំនន់ទឹកភ្លៀងរយៈពេលជាង១ខែនេះបានធ្វើឲ្យកំណាត់ផ្លូវចូលទៅកាត់តំបន់អភិវឌ្ឍន៍តាកែនកោះស្លាយោធិនពិការ៣១៧ ទទួលរងនូការខូចខាតជាអន្លើរៗ ក្នុងនោះក្បាលស្ពានតេជោអភិវឌ្ឍន៍បានបាក់ស្រុតធ្លាក់ចូលទៅក្នុងព្រែក ហើយអាជ្ញាធរស្រុក និងឃុំពុំមានលទ្ធភាពជួសជុលនោះទេព្រោះទំហ៊ំនៃការខូចខាតធំពេកត្រូវចំណាយថវិការច្រើន និងទាមទារឲ្យមានអ្នកជំនាញចុះសិក្សាពីបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ។ ឥឡូវនេះអាជ្ញាធរស្រុក និងឃុំបានធ្វើរបាយការរាយការណ៍ថ្នាក់លើរួចហើយ តែមិនទានមានអ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធចុះមកពិនិត្យឡើយ ។ ដោយប្រឈម និងហានិភ័យគ្រោះខ្ពស់អាជ្ញាធរបានដាក់សញ្ញាសំគាល់ និងដាក់កងកម្លាំងឲ្យប្រចាំការ ហាមមិនឲ្យរថយន្តធន់ធំឆ្លងកាត់ ។
លោកមេឃុំបានបន្តថា សូមឲ្យស្ថាប័នពាក់ព័ន្ធចុះមិនពិនិត្យ និងជួសជុលឡើងវិញឲ្យបានឆាប់ព្រោះផ្លូវ និងស្ពាននេះជាសរសៃឈាមសេដ្ឋកិច្ចជាតិ និងមានសារៈសំខាន់ណាស់ក្នុងការលើកកំពស់សេដ្ឋកិច្ចគ្រួសារនៅតំបន់តេជោអភិវឌ្ឍន៍តាកែនកោះស្លារ ។ ជាមួយគ្នានេះដែរលោកមេឃុំបានលើកម្រាមដៃដប់ស្នើរសុំឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយអន្តរាគមន៍ឲ្យមន្ត្រីជំនាញចុះមកសិក្សា និងស្ថាបនាឡើងវិញឲ្យបានឆាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងការដឹកទំនិញផ្សេងៗយកមកកាន់ទីផ្សារ ៕ សណ្តោស