ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបញ្ច្រាសទិសបុកម៉ូតូសណ្តោងរ៉ឺម៉ក រួចខ្ទាតទៅប៉ះម៉ូតូនិច បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបញ្ច្រាសទិសដៅចរាចរជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉ក រួចខ្ទាតទៅប៉ះម៉ូតូនិចមួយគ្រឿងទៀត បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ បន្ទាប់ពីកើតហេតុរថយន្តត្រូវបានប្រជាពលរដ្ឋបើម៉ូតូដេញឃាត់បាននៅតាមបណ្តោយផ្លូវ២១៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់អាយុប្រហែលជាង២០ឆ្នាំបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សមួយគ្រឿង មិនមានស្លាកលេខ បើកបញ្ច្រាសទិសដៅចរចរ ខាងលិចវិមានឯករាជ្យ ឡើងមកខាងជើងវិមានឯករាជ្យវិញ ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1AX-6196 ដែលបើកតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូង ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យរស្មី ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់ ហើយខ្ទាតម៉ូតូសណ្តោងរ៉ឺម៉កទៅប៉ះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DK-0042 មួយគ្រឿងទៀតបណ្តាលឲ្យរងរបួសស្រាល។ ចំណែករថយន្តបង្កព្យាយាមបើករត់គេចពីកន្លែងកើតហេតុ ត្រូវប្រជាពលរដ្ឋបើកម៉ូតូដេញតាមឃាត់បានប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានឃាត់ខ្លួនអ្នកបើករថយន្តបង្កយកទៅសួរនាំ និងស្ទូចយករថយន្តម៉ូតូរងគ្រោះទាំងពីរយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖