ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៨ និង៣០ព្រឹក ថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចអំពួច ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កម្លាំងចម្រុះចុះធ្វើកោសល្យវច័យករណីប្ដីកាប់សម្លាប់ប្រពន្ធ រួចទាញខ្សែគោចងកធ្វើអត្តឃាតខ្លួនឯងជាក្រោយ ដែលគេសង្ស័យផ្ដើមចេញដោយសារភ្លើងប្រចណ្ឌ ។
ប្រភពព័ត៌មានពីកម្លាំងចម្រុះចុះប្រតិបត្តិការខាងលើ ករណីនេះប្រព្រឹត្តឡើងដោយជនសង្ស័យជាប្តីឈ្មោះ ពុំ មុត ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ដោយទំនាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធឈ្មោះ សែម ផាត អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា រួចក៏បានយកពូថៅដៃកាប់លើជនរងគ្រោះជាប្រពន្ធត្រូវជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់ភ្លាមៗ ក្រោយពីកាប់សម្លាប់ប្រពន្ធរួចរាល់ ជនសង្ស័យដៃដល់ជាប្តីបានយកខ្សែគោទៅចងកសម្លាប់ខ្លួនឯងនឹងដើមក្រូចក្បែរផ្ទះ។
ប្រភពខាងបន្តទៀតថា ក្រោយសមត្ថកិច្ចជំនាញសហការចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចរាលហើយនោះ អាចសន្និដ្ឋានបានថា ករណីនេះមូលហេតុបណ្ដាលមកពីប្ដីប្រចណ្ឌប្រពន្ធ ហើយកម្លាំងជំនាញក៏ធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមព្រពៃណី៕ ប៉ឹម ពិន