ខេត្តកណ្ដាលៈ ស្រ្ដីជាមុខសញ្ញាលួចវះកាបូបដ៏សកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលចាប់ខ្លួន បន្ទាប់ពីស្រ្ដីសង្ស័យខាងលើ និងបក្ខពួកម្នាក់ទៀតបាននាំគ្នាធ្វើសកម្មភាពលួចយកលុយក្នុងកាបូបពីស្រ្ដីម្នាក់ ខណៈកំពុងទិញម្ហូប ។ ករណីខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៤៥នាទី ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចមុខរោងចក្រកាត់ដេរសំលៀកបំពាក់ស៊ិចផ្លាស់អិនដាស់ស្ទ្រី ស្ថិតក្នុងភូមិកណ្ដាលឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ស្រ្ដីសង្ស័យចាប់ខ្លួនបានឈ្មោះ ឈុន ហួយ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រីស្រ្ដីសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ ស្រី ពៅ ភេទស្រី អាយុប្រហែល២៤ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ដោយឡែកស្រ្ដីរងគ្រោះឈ្មោះ ឆាយ សុខនី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិប្រាំយ៉ាម ឃុំប្រាំ ។ ចំណែកសម្ភារៈបាត់បង់មាន៖ ប្រាក់ដុល្លារចំនួន១,២០០ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់រៀលចំនួន១,៤០០,០០០រៀល និងវត្ថុតាងចាប់យកបានមកវិញមាន៖ ប្រាក់ដុល្លារចំនួន៩០០ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់រៀលចំនួន១៥០,០០០រៀល ,សៀវភៅបញ្ជីលុយចំនួន២ក្បាល កាបូបជ័រ ពណ៌ស ស្នាមរហែកបណ្ដោយមួយចំហៀងមានដៃយួរចំនួន១ផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុវេលាម៉ោង១០ និង៤៥នាទី ស្រ្ដីរងគ្រោះបានចេញពីរោងចក្រ រួចក៏បានទៅទិញម្ហូបដោយដៃឆ្វេងកាន់កាបូបលុយ ភ្លាមនោះជនសង្ស័យឈ្មោះ ស្រី ពៅ បានដើរទៅពិតជនរងគ្រោះធ្វើសកម្មភាពវះកាបូប រួចហើយក៏បានយកប្រាក់នោះហុចទៅឲ្យជនសង្ស័យឈ្មោះ ឈុន ហួយ ចំនួន១ដៃ ដើម្បីទុក ខណៈនោះស្រ្ដីរងគ្រោះបានឃើញ ជនសង្ស័យយកលុយមួយដៃហុចទៅឲ្យជនសង្ស័យម្នាក់ទៀត ហើយក្នុងកាបូបរបស់ខ្លួនពុំមានប្រាក់ (បាត់ប្រាក់) ក៏ស្រែកឆោឡោថា ចោរៗ ឮដូច្នោះ ជនសង្ស័យឈ្មោះ ឈុន ហួយ ក៏បានបាចលុយចោល រួចដើរគេចខ្លួនទៅកន្លែងលក់ទឹកសុទ្ធនៅក្បែរនោះ បន្ទាប់មកស្រាប់តែជនរងគ្រោះ និងសន្តិសុខរោងចក្រ ឃើញក៏ទៅឃាត់ខ្លួនជនសង្ស័យឈ្មោះឈុន ហួយ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាល ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ស្រី ពៅ ត្រូវបានគេចខ្លួនបាត់ស្រមោល ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ស្រ្ដីសង្ស័យបានសារភាពថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពវះកាបូបយកលុយគេបានចំនួន៥លើក ជាមួយបក្សពួកម្នាក់ទៀតឈ្មោះ ស្រីពៅដែលមិនស្គាល់ទីលំនៅពិតប្រាកដ ។ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១០ ខ្លួន(ជនសង្ស័យ) និងបក្ខពួកឈ្មោះ ស្រីពៅ បានគ្នាចេញពីផ្ទះ នៅពោធិចិនតុង រាជធានីភ្នំពេញ ឆ្ពោះមករោងចក្រស៊ិចផ្លាស់ ស្រុកមុខកំពូល ដោយមធ្យោបាយជិះម៉ូតូឌុបក្នុងគោលបំណងមកសកម្មភាពលួច(លូកហោប៉ៅ) ខណៈដែលកម្មករចេញពីរោងចក្រ ។ លុះធ្វើដំណើរមកដល់រោងចក្រស៊ិចផ្លាស់នៅម៉ោង១០ប្រមាណ១០ ដោយកម្មករមិនទាន់ចេញពីធ្វើកា ខ្លួន និងបក្ខពួកបានអង្គុយក្បែរតូបលក់ម្ហូប ដើម្បីពិភាក្សាគ្នារៀបចំផែនការលួច ដោយកំណត់ឱ្យជនសង្ស័យឈ្មោះ ស្រី ពៅ ជាអ្នកលូកហោប៉ៅ ចំណែកខ្លួនជាអ្នកចាំទទួលលុយ បន្ត ។ ក្រោយពីពិភាក្សាគ្នារួចមក មានកម្មការិនីម្នាក់(ជនរងគ្រោះ) ក៏បានចេញពីរោងចក្រ ខណៈនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងយួរកាបូបលុយនៅ និងដៃឆ្វេងឈរទិញម្ហូប ភ្លាមនោះក៏ចូលទៅធ្វើសកម្មភាពតែម្ដង ។
ក្រោយពីសមត្ថកិច្ចសាកសួរួច សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង និងនាំខ្លួនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ