ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ០៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨នៅមណ្ឌលប្រឡងសាលាបឋមសិក្សាព្រះសីហនុ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ក្នុងនោះក៏មានការចូលរួមពីសំណាក់ គណៈមេប្រយោគ អប្បមាទ ប្រធាន អនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត និងអ្នកពាក់ព័ន្ធ ព្រមទាំងមានការចូលរួមសង្កេតការណ៍តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ពីអ្នកស្ម័គ្រចិត្តមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង អង្គភាព អមត។
លោកតូចប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ។
ជាមួយនេះ លោកអភិបាលរងខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រឡងឆ្នាំសិក្សា ២០១៧-២០១៨នេះ ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ ។
បើតាមការឲ្យដឹងពីរបាយការណ៏របស់មន្ទីអបរំយុវជននិងកីឡាខេត្ត នៅក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ ខេត្តស្វាយរៀងមានបេក្ខជនបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប ៤.០០២នាក់ ស្រី ១.៨៥១នាក់ ចែកចេញជា ៦មណ្ឌល និង ១៦២បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ១.២៧៦នាក់ ចែកចេញជា ០២មណ្ឌល (មាន ៥២បន្ទប់) រួមមាន មណ្ឌលវិទ្យាល័យ ហ៊ុនសែន ចេក និងមណ្ឌលវិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ២.៧២៦នាក់ ចែកចេញជា ០៤មណ្ឌល (មាន ១១០បន្ទប់) រួមមានមណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង មណ្ឌលសាលាបឋមសិក្សាព្រះសីហនុ និងមណ្ឌលសាលាបឋមសិក្សា ២ធ្នូ ៕ យឹម សុថាន