ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត លោក ជ័យ សុន ចុះថ្លែងអំណរគុណសមាជិក និងប្រជាពលរដ្ឋ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ជ័យ សុន បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ បានចុះសំណេះសំណាលជាមួយម្ចាស់ឆ្នោត សមាជិក សមាជិកា និងប្រជាពលរដ្ឋជាង១០០០នាក់ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដើម្បីថ្លែងអំណរគុណពួកគាត់ ដែលបានបោះឆ្នោតគាំទ្រផ្តល់ជ័យជម្នះ ជូនគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប។

ពិធីនេះមានការចូលរួមពីសំណាក់លោក បណ្ឌិត ហេងវុទ្ធី លោក លឹម សៀងហេង អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញ រួមទាំងអស់លោកអនុប្រធានក្រុមការងារ និងថ្នាក់ដឹកនាំបក្សសង្កាត់មួយចំនួនទៀត ផងដែរ។

លោក ជ័យ សុន បានបញ្ជាក់ថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺជាជោគជ័យរបស់ប្រជាពលរដ្ឋគ្រប់គ្នា ក្នុងការការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិទៅមុខទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបន្តថា តាមរបាយការណ៍ បានឱ្យដឹងថា នៅមណ្ឌលស្វាយរៀងនេះ មានអាសនៈចំនួន៥ខណះខេត្តស្វាយរៀងនេះមានប្រជាពលរដ្ឋប្រមាណ ៨៧ភាគរយ បានទៅចូលរួមបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីជាង ៣.៥សែននាក់។ គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលុប រហូតឈ្នះទាំង៥អាសនៈ នៅក្នុងខេត្តនេះ។

ក្នុងឱកាសនោះ តំណាងរាស្ត្រ ជ័យ សុន ក៏បានឧបត្ថមម៉ូតូមួយគ្រឿង ដល់គណបក្សសង្កាត់ព្រៃអង្គុញផងដែរនិងមានពិសារអាហារសាមគ្គីជាមួយបងប្អូនសមាជិកយ៉ាងភាពស្និតស្នាលបំផុត។

សូមបញ្ជាក់ថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោត ពុំបានទទួលអាសនៈណាមួយឡើយ៕ យឹម សុថាន


ចែករំលែក៖