ភ្នំពេញ ៖ បុរសម្នាក់ដែលជាចុងភៅ បានបាត់បង់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ឆ្នាំ២០១៨ ខណៈដែលក្រុមចោរ៤នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងជិះដេញតាមស្ទាក់ផ្លូវ និងបាញ់៣គ្រាប់ គំរាមប្លន់យកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនដោយសុវត្តិភាព ។ ប៉ុន្តែមិនបង្កឲ្យបុរសរងគ្រោះរងរបួសនោះទេ ។
ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលឈានចូលថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយលេខ២៨៩ ទល់មុខសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមសម្តីជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ធី ថាន អាយុ២៥ឆ្នាំ មុខរបរចុងភៅភោជនីយដ្ឋាន តុង ហ្វាយៀន មានលំនៅផ្ទះលេខ ៣០ផ្លូវ ២៨៩សង្កាត់បឹងកកក់ទី១ ខណ្ឌទួលគោក ។ ចំណែកម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខកំពង់ចាម១R-៧៧២៦ ។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះបានចេញពីហាងដែលខ្លួនធ្វើការ ក្នុងគោលបំណងជួនប្អូនប្រុសទៅផ្ទះ ។លុះជិះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង តាមមកពីក្រោយ និង បានប្រើល្បិចជាស្រែកបបួលជនរងគ្រោះវាយគ្នា ។ ភ្លាមនោះដោយមានការភ័យខ្លាច ជនរងគ្រោះបានជិះម៉ូតូត្រឡប់ក្រោយ ដើម្បីត្រលត់មកហាងដែលខ្លួនធ្វើការវិញ ស្ថិតនៅមុខសាលាបឋមសិក្សាទួលគោក ប៉ុន្តែក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមស្ទាក់ផ្លូវ និងដកកាំភ្លើងភ្ជង់ជនរងគ្រោះ ហើយបាញ់៣គ្រាប់ដើម្បីគំរាមប្លន់យកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់ដំណេករបស់សមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី១ នោះទេ ។
ក្រោយកើតហេតុជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍បឹងកក់ទី១ ខណ្ឌទួលគោក ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍នឹងស្រាវជ្រាវស្វែងរកក្រុមចោរប្លន់ទាំងនោះតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលនៅក្បែរកន្លែងកើតហេតុ យកមកដាក់ទោសតាមច្បាប់ ៕ស តារា