ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តូចចិត្ដនឹងមានជំងឺប្រចាំកាយសម្រេចធ្វើអត្ដឃាត

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់សម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់ទៅនឹងធ្នឹមផ្ទះ ដោយតូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយ ។ ករណីចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតឈ្មោះ ស្រ៊ន មូល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះជាមនុស្សមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ហើយតែងប្រាប់ម្ដាយរបស់ខ្លួននិងអ្នកជិតខាងថា ជំងឺរបស់ខ្លួន(ជនរងគ្រោះ)ព្យាបាលមិនជាសះស្បើយទេ ។ លុះមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី ស្រាប់តែអ្នកជិតខាងបានឃើញជនរងគ្រោះចងក.សម្លាប់ខ្លួនទៅនឹងធ្នឹមផ្ទះ ខណៈដែលម្ដាយមិននៅផ្ទះមួយភ្លែត ភ្លាមនោះអ្នកជិតខាងក៏បានប្រាប់ម្ដាយជនរងគ្រោះ និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើការពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញបានទទួលព័ត៌មានករណីខាងលើនេះភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យសាកសព ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន ។ បន្ទាប់ពីពិនិត្យចប់សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖