ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកជក់​ និងជួញដូរគ្រឿងញៀននៅអាហារដ្ឋានជំនោរអូរតាសុខត្រូវបានដោះលែងបន្ទាប់ពីម្នាក់ៗចំណាយ៥០០ដុល្លារ

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួមទាំងម្ចាស់ហាងផង ត្រូវបានសមត្ថកិច្ចបង្ក្រាប​កាលពី​ ល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់មក ពួកគេបង្ហាញមុខជាថ្មីឡើងវិញនៅក្នុងភូមិ ស្រុក នាថ្ងៃទី១៨ ខែសីហា ជាមួយនឹងការដើរនិយាយថា បានចំណាយប្រាក់​ម្នាក់ៗ៥០០ដុល្លារឲ្យសមត្ថកិច្ច ទើបអាចត្រឡប់មករកស៊ីការជួញដូរ និងប្រើប្រាស់ថ្នាំញៀននៅក្នុងមូលដ្ឋានរបស់ខ្លួនបាន ។ គេមិនដឹងថា តើសម្តីរបស់អ្នកប្រើប្រាស់និងជួញដូរថ្នាំញៀនទាំង​នោះជាការពិតឬយ៉ាងណានោះទេ ។

ម្ចាស់ហាងជំនោរអូរតាសុខ ក៏ត្រូវបានចាប់ខ្លួននៅក្នុងព្រឹត្តិការណ៍បង្ក្រាបទាំងក្បាលព្រលប់នោះដែរ ។ ភ្លាមៗក្រោយការបង្ក្រាប ថៅកែហាងឈ្មោះ ហួន ស៊ីវន បានផ្តល់ក្តីរំពឹងដល់សមាជិកក្រុមគ្រួសារថា សូមកុំបារម្ភ បើទោះបីជាហាងរបស់ខ្លួនមានបម្រើសេវាកម្មសម្រាប់ការប្រើប្រាស់​ និងជួញដូរថ្នាំញៀនយ៉ាងណាក៏ដោយ ក៏គ្មានរឿងអ្វី​ដែលគួរឲ្យភ័យខ្លាចនោះទេ ពីព្រោះ គេស្គាល់សមត្ថកិច្ច ថ្នាក់ខេត្តជាច្រើន មិនថាតែកងកម្លាំងប្រដាប់អាវុធ ឬស្ថាប័នតុលាការនោះទេ ។ ទីបំផុត មិនត្រឹមតែថៅកែហាងជំនោរអូរតាសុខនោះទេដែលត្រូវដោះលែង សូម្បីតែអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀន៩រូបផ្សេងទៀត ក៏ត្រូវបានដោះលែង​ព្រមគ្នាផងដែរ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺពួកគេដើរនិយាយពេញភូមិ ពេញស្រុកថា ម្នាក់ៗចំណាយអស់៥០០ដុល្លារ ទើប​អាចត្រឡប់មករកស៊ីរបរដើមវិញបាន ។

គួរបញ្ជាក់ថា អាហារដ្ឋាន “ជំនោរអូរតា សុខ” បានក្លាយទៅជាកន្លែងប្រមូលម្តុំ ក្រុមមុខសញ្ញាប្រព្រឹត្តបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងយ៉ាងគគ្រឹកគ្រេងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវស៊ើបអង្កេតអស់ជាច្រើនថ្ងៃ រហូតឈានដល់កំណត់បានច្បាស់លាស់ឆ្មក់ចូលបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យ ៩នាក់ ដែលកំពុងសម្ងំលាក់ខ្លួនធ្វើសកម្មភាពក្នុងអាហារដ្ឋាននេះរួមទាំងវត្ថុតាងមួយ ចំនួន។

ករណីចុះបង្ក្រាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ធ្វើឡើងនៅល្ងាច ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៨ ចំណុចអាហារដ្ឋាន “ជំនោរអូរតាសុខ” ស្ថិតក្នុងភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ប្រតិបត្តិការខាងលើ សមត្ថ កិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហួន ស៊ីវន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុក សំរោង ជាម្ចាស់អាហារដ្ឋាន “ជំនោរអូរតា សុខ” និងអ្នកពាក់ព័ន្ធ៨នាក់ទៀតដើម្បីសាកសួរតាមនីតិវិធី។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមានថ្នាំញៀន ៣៣កញ្ចប់, ម៉ូតូ៤ គ្រឿង, រថយន្ត ១គ្រឿង, ប្រាក់រៀល ៦ ម៉ឺនរៀល និងប្រាក់ដុល្លារ១០ដុល្លារផង ដែរ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងកងរាជ អាវុធហត្ថខេត្តតាកែវ កំពុងសាកសួរ និង កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលា ដំបូងចាត់ការតាមផ្លូវច្បាប់។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក ហួន សុីវន បាន និងកំពុងរត់ការឲ្យរួចផុតពីការចោទប្រកាន់។ គេមិនទាន់ដឹងថា តើ ម្ចាស់ហាងនេះអាចគេចផុតពីសំណាញ់ ច្បាប់បានដែរឬយ៉ាងណា?៕ ហេង នរិន្ទ្រ


ចែករំលែក៖