ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងរាជធានី ភ្នំពេញជាពិសេសបងប្អូនដែលអង្គុយហូបកាហ្វេនៅតាមហាងនីមួយៗ និងអ្នកខ្លះទៀតបើកទូរស័ព្ទមើលហ្វេសប៊ុកហើយនាំគ្នានិយាយចំអកថា “ពួកយើងរង់ចាំមើលសមត្ថកិច្ចអាចរកមុខក្រុមឧក្រិដ្ឋជនប្លន់ ធនាគារឥណ្តូឆៃណាឃើញដែរឬអត់? បើទោះបីជាករណីខាងលើនេះវាមិនបង្កឲ្យ ជនរងគ្រោះណាម្នាក់រងរបួស ឬបាត់បង់ អាយុជីវិតមនុស្សក្តី។ ប៉ុន្តែការប្លន់ធនាគារនៅក្នុងកណ្តាលរាជធានីភ្នំពេញវាបង្ហាញឲ្យឃើញថា ជនល្មើសអាចមានគម្រោង និងការរៀបចំអស់រយៈពេលជាច្រើនខែ ទើបបានលើកគ្នាមកធ្វើសកម្មភាពដោយមិនរំខានដល់សមត្ថកិច្ចនោះឡើយ ” ។
គួររំលឹកថា ករណីចូលប្លន់នៅក្នុងធនាគារឥណ្តូឆៃណាដែលមានសាខាស្ថិតនៅអគារលេខ២១៨ ផ្លូវម៉ៅសេទុង ក្រុម១០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជ ធានីភ្នំពេញបានកើតឡើងកាលពីវេលាម៉ោងប្រហែល១១និង៤០នាទីព្រឹកថ្ងៃ ព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ។
សាក្សីដែលបម្រើការងារនៅក្នុងធនាគារ អ អេច ប៊ី ឥណ្តូឆៃណាបានប្រាប់សមត្ថកិច្ច ថាមុនពេលកើតហេតុនៅវេលាម៉ោងខាង លើពួកគាត់មានគ្នា៣នាក់បានរៀបចំហូបបាយនៅក្បែរបន្ទប់ទឹក ហើយបុគ្គលិកម្នាក់បានងើបចេញដើរទៅខាងមុខ ស្រាប់តែ ស្ទុះត្រឡប់មកវិញទាំងទឹកមុខស្លេកស្លាំង ហើយប្រាប់គ្នីគ្នាថា មានចោរចូលប្លន់រួចក៏នាំគ្នាពួនដោយខ្លាចបញ្ហាសុវត្ថិភាព ។
ប្រភពខាងលើបានឲ្យដឹងទៀតថា កន្លងមកទីតាំងធនាគារឥណ្តូឆៃណានេះមាន ទាំងសមត្ថកិច្ច និងសន្តិសុខឯកជនយាម ជាប្រចាំ ប៉ុន្តែចាប់តាំងពីមុនការបោះឆ្នោតសន្តិសុខជាមន្ត្រីនគរបាលបានឈប់ដោយនៅយាមតែសន្តិសុខឯកជនម្នាក់ប៉ុណ្ណោះសម្រាប់មើលការខុសត្រូវខាងមុខគឺរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ។
បើតាមព័ត៌មានរបស់ធនាគារ RHB Indochina Bank ថាករណីប្លន់ខាងលើនេះគឺស្ថិតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១១និង៤០នាទីព្រឹក ហើយនៅ ក្នុងហេតុការណ៍នោះដែរពុំមានអ្នករងរបួសនោះទេ ពោលគឺទាំងបុគ្គលិកនិងអតិថិជនគឺមានសុវត្ថិភាព ។
ចំពោះករណីប្លន់នេះខាងសាខាយើងខ្ញុំសូមធ្វើការផ្អាកជាបណ្តោះអាសន្នដើម្បីជួយសម្រួលដល់ការសើុបអង្កេតរបស់ សមត្ថកិច្ច យើងខ្ញុំនឹងផ្តល់ព័ត៌មានដែល ទាក់ទងនឹងការបើកដំណើរការសាខាឡើងវិញតាមរយៈគេហទំព័រ និងបណ្តាញសង្គម របស់យើងខ្ញុំ និងសូមធានាអះអាងជូនអតិថិជនទាំងអស់ថា រាល់ប្រាក់បញ្ញើ សន្សំ និង ការវិនិយោគរបស់លោកអ្នកនៅតែមាន សុវត្ថិភាពដដែល ។
ចំពោះករណីឧក្រិដ្ឋជនធ្វើសកម្មភាព ចូលប្លន់នៅក្នុងធនាគារ អ អេច ប៊ី ឥណ្តូ ឆៃណាខាងលើនេះរហូតមកដល់ពេលនេះ មិនទាន់មានពន្លឺ និងការឈានទៅកំណត់អត្តសញ្ញាណជនល្មើសនៅឡើយទេ ៕ អរុណរះ