ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយដកហូតបានប៊ីចេងទម្ងន់ជាង១៧តោន

ចែករំលែក៖

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃសហការជាមួយ មន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ មួយកន្លែងនៅក្នុងខណ្ឌឫស្សីកែវរកឃើញប៊ីចេងមិនទាន់ច្រកទម្ងន់ជាង១៧តោន ឧបករណ៍វេចខ្ចប់ និងថង់សម្រាប់ច្រកប៊ីចេងគ្រប់ម៉ាកមួយចំនួនធំទៀត ។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រោមការដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួល ពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ។ ទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយនេះស្ថិតនៅផ្ទះលេខ AB4-5 ផ្លូវលេខ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ ទីតាំងផលិតឈ្មោះ សុខ វួចលីន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ។

នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងវេច ខ្ចប់ប៊ីចេងក្លែងក្លាយនេះសមត្ថកិច្ចបានដកហូតភស្តុតាងរួមមានប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន១២៥បាវ ប៊ីចេងរាយម៉ាក Win win ចំនួន១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន៣២បាវ ប៊ីចេងច្រករួចម៉ាក Gold Cup ចំនួន៤៧ កេស ប៊ីចេងរូបវែក(250g) ម៉ាស៊ីនដេរ មាត់បាវ២គ្រឿង ម៉ាស៊ីនអ៊ុតមាត់ថង់១ គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន២ គ្រឿង ជញ្ជីងថ្លឹង២គ្រឿង បាវរូបវែក៩៣ បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទាំងអស់ប្រមាណ១៧តោន ។

ក្រោយពីការត្រួតពិនិត្យ និងតាមការ សម្រេចរបស់លោកព្រះរាជអាជ្ញារងសមត្ថកិច្ចបានដកហូត និងរក្សាទុកប្លុមបេបិទ ទីតាំងខាងលើ ហើយនាំខ្លួនម្ចាស់ទីតាំង មកសាកសួរនៅនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ៕ អរុណរះ


ចែករំលែក៖