ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាសន្តិសុខក្លឹប ស្រវឹងស្រាជោកជាំ ហើយដើរស្រែកតាមផ្លូវ និងវាយកញ្ចក់កង់បីឥណ្ឌាមួយគ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦កែង និងផ្លូវលេខ១០១១ ខាងមុនមន្ទីរពេទ្យសែនសុខ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថាជនបង្កមានឈ្មោះ ពេជ្រ ប៊ុន្ថា អាយុ៣៣ឆ្នាំ ជាសន្តិសុខយាមក្លឹបហ្គោលឡាញ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងើតហេតុ។ ចំណែកឯជនរងគ្រោះមានឈ្មោះ វ៉ា រី អាយុ៣៣ឆ្នាំ ជាអ្នកបើកម៉ូតូកង់បីឥណ្ឌា ស្នាក់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស៣នាក់បានដើរ តាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច និងក្នុងស្ថានភាពស្រវឹង ដោយបណ្តើរជនបង្កស្រែកឡូឡារកអ្នកណាខ្លាំង។ ខណៈដើរមកដល់ចំណុចកើតហេតុជនបង្កក៏បានដើរឆ្លងផ្លូវទៅផ្លូវម្ខាងទៀតតែម្នាក់ឯងពេលដើរឆ្លងបានពាក់កណ្ដាលផ្លូវស្រាប់តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-6332 បើកបរដោយបុរសម្នាក់ មានដឹកនារីម្នាក់ពីក្រោយ ភ្លាមនោះជនបង្កបានឈប់នៅកណ្តាលផ្លូវ ហើយចង្អុលមុខជនរងគ្រោះស្រែកឲ្យឈប់កង់បី។ហើយជនរងគ្រោះក៏បានឈប់ម៉ូតូកង់បីចម្ងាយប្រមាណ១០ម៉ែត្រពីជនបង្ក ដោយជនបង្ករត់សំដៅទៅវាយកញ្ចក់ម៉ូតូកង់បីរបស់ជនរងគ្រោះមួយដៃបណ្ដោយឲ្យបែកស្រាំ ហើយក៏កើតជាឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ហើយក៏ត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះជួយចាប់ឃាត់ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យជួយមកអន្តរាគមន៍។
នៅចំពោះមុខសមត្ថកិច្ចជនបង្កបានឆ្លើយសារភាពថារូបគេពិតជាបានវាយបំបែកកញ្ចក់ម៉ូតូកង់បីរបស់ជនរងគ្រោះពិតប្រាកដមែន ព្រោះដោយមុនពេលកើតហេតុរូបគេទើបតែចេញមកពីកន្លែងធ្វើការហើយបម្រុងដើរទៅបន្ទប់ជួល ខណ:ដើរឆ្លងផ្លូវស្រាប់តែម៉ូតូកង់បីបម្រុងបើកបំបុករូបគេ ហើយភ្លាមៗនោះរូបគេក៏បានវាយកញ្ចក់ម៉ូតូកង់បីមួយដៃដើម្បីការពារខ្លួន។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនាំជនបង្កមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធី ៕ ជ្រោយពេជ្រ