ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តកំពង់ចាមចុះបង្ក្រាបបទល្មើសនេសាទល្មើសច្បាប់៤ករណី ក្នុងស្រុកបាធាយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សមត្ថកិច្ចចម្រុះរួមមាន ខណ្ឌរដ្ឋបាលជលផលកំពង់ចាម កម្លាំងអធិការស្រុកបាធាយ ការិយាល័យនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្តកំពង់ចាម និងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រប់ សហគមន៍នេសាទឃុំត្រប់ បានសហការគ្នាចុះបង្រ្កាបបទល្មើសជលផលបាន៤ករណី ធ្វើឡើងនៅឃុំត្រប់ ស្រុក បាធាយ ដោយកម្លាំងបានដុតបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងតែម្តង ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃអង្គារ៍ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងចំនួន៤ករណី ៖

ករណីទី១ ៖ ធ្វើឡើងនៅចំណុចតាមប្រឡាយទំនប់ឫស្សីច្រាញ់ ឃុំត្រប់ស្រុកបាធាយ ក្នុងនោះកម្លាំងបានបង្ក្រាបលូស្បៃមុងចំនួន១២មាត់ របាំងស្បៃមុងប្រវែង៦០០ម៉ែត្រ បង្គោលចម្រឹងសរុប១៨០ដើម និងលែងកូនត្រីម្រុះសរុបទម្ងន់១៨គីឡូក្រាម ។

ករណីទី២ និងករណីទី៣ ធ្វើឡើងនៅចំណុចទួលគួកសំរោង ឃុំត្រប់ ស្រុកបាធាយ ក្នុងនោះកម្លាំងដកហូតបានលូស្បៃមុងចំនួន២៥មាត់ របាំងស្បៃមុងប្រវែង១៥០០ម៉ែត្រ បង្គោលចម្រឹងសរុប៤៥០ដើម និងលែងកូនត្រីម្រុះសរុបទម្ងន់៥៤គីឡូក្រាម ឧបករណ៍រ៉ាវ២១មាត់ របាំងរ៉ាវ ប្រវែង១២៥០ម៉ែត្រ បង្គោលចម្រឹងសរុប៣១៥ដើម លែងកូនត្រីម្រុះសរុបទម្ងន់ ២១គីឡូក្រាម ។

ករណីទី៤ ៖ ធ្វើឡើងនៅចំណុចបឹងស្រះហ៊ីង ឃុំត្រប់ ស្រុកបាធាយ ក្នុងនោះកម្លាំងដកហូតបានលូស្បៃមុង ចំនួន១៥មាត់ របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ បង្គោលចម្រឹងសរុប២២៥ដើម លែងកូនត្រីម្រុះសរុបទម្ងន់ ៣០គីឡូក្រាម ៕ វណ្ណៈ


ចែករំលែក៖