ខេត្តសៀមរាប៖ ស្ត្រីម្នាក់បានដាក់ពាក្យបណ្តឹងប្តឹង ប្រពន្ធលោកអធិការនគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប ទៅតុលាការដើម្បីទាមទារប្រាក់ជំងឺចិត្ត ចំនួន៥០០០ដុល្លារ ក្រោមបទចោទប្រកាន់បរិហារបង្កាច់កេរ្តិ៍ ប៉ុន្តែករណីនេះលោកអធិការថ្លែងថា រឿងនេះមិនពាក់ពន្ធ័នឹងរូបលោកឡើយ។
យោងទៅតាមពាក្យបណ្តឹងឈ្មោះ ឈុំ ង៉ិ ហៅ ស៊ីម៉ុន ភេទស្រីអាយុ៥២ឆ្នាំ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ចុះថ្ងៃទី១ ៧ខែសីហា ឆ្នាំ២០១៨ ដែលបានចុះលេខចូលដោយស្ថាបន័តុលាការ បង្ហាញថា រឿងនេះផ្តើមចេញពីការប្រើអំណាចទៅចាក់សោរផ្ទះពលរដ្ឋម្នាក់ នាពេលកន្លងទៅរឿងជំពាក់លុយមិនសង។
ក្នុងបណ្តឹងបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឈ្មោះ ផល មាលាផល ហៅពៅ ជាលោកភរិយាអធិការស្រុកសូត្រនិគម បាននាំសមត្ថកិច្ច២ទៅ៣នាក់ ទៅចាក់សោរផ្ទះរបស់ពលរដ្ឋម្នាក់ឈ្មោះ ស្រីណែត ក្នុងបំណងឃាំងឥវ៉ាន់ក្នុងផ្ទះទុក ព្រោះជំពាក់លុយមិនសង។
ផ្ទះនេះស្ថិតនៅមុខផ្សារថ្នល់បែក ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយបើកសំអាងការ។
លុះពេលម្ចាស់មកដល់ឃើញហេតុការក៏ភ័យខ្លាច ទើបហៅឈ្មោះ ស៊ី មុន ឲ្យជួយ ហើយបានរារាំងមិនឲ្យចាក់សោរ តែហាមមិនឈ្នះ ក៏ហៅអ្នកកាសែតឲ្យជួយថតរូបភាព ទើបសមត្ថកិច្ចក្រោមបញ្ជាឈ្មោះ ផល មាលាផល ដកថយ។
ស្ត្រីឈ្មោះ ឈុំ ង៉ិ ហៅ ស៊ីម៉ុន បានបញ្ជាក់ថា លុះនៅថ្ងៃបន្ទាប់ មាលាផល បានប្រាប់បងស្រីរបស់ ស្រីណែត ថា រូបគាត់ជាអ្នកទៅរករឿងយកឥវ៉ាន់ទាំងនោះវិញ ដោយហេតុផលនេះទើប សម្រេចដាក់ពាក្យប្តឹងទៅតុលាការ ចោទប្រកាន់ បទបរិហារបង្កាច់កេរ្តិ៍ ទាមទារសំណងជំងឺចិត្ត៥០០០ដុល្លារ និងសុំឲ្យតុលាការផ្តន្ទាទោស។
ទោះយ៉ាងណាលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា ករណីនេះ មិនពាក់ពន្ធនឹងលោកឡើយ។ តាមពិតរឿងនេះកើតយូរហើយ តាំងពីអំឡុងខែកុម្ភៈមកម្លេះ។
ចំណែកលោកស្រី ផល មាលាផល ក៏បានបញ្ជាក់ផងដែរថា លោកស្រីមិនបានទៅចាក់សោរផ្ទះឈ្មោះ ស្រីណែតនោះទេ។ ឯសមត្ថកិច្ចដែលទៅ គឺដើម្បីការពារកុំអ្នកណាយកឥវ៉ាន់តែ ប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្តី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី២៨នេះថា រឿងនេះលោកបានដឹងខ្លះដែរ ប៉ុន្តែចាំសួរនាំសិន។ កន្លងទៅរឿងនេះខាងនគរបាលព្រហ្មទ័ណ្ឌខេត្ត បានចុះទៅស៊ើបអង្គេតមើលហើយ។
សូមរំឭកថា កាលអំឡុងខែកុម្ភៈ មានករណីជំពាក់លុយ ហើយម្ចាស់លុយព្រោះតែយល់ថា កូនបំណុលរត់ចោលស្រុក ក៏នាំគ្នាមានទាំងសមត្ថកិច្ចអមជាមួយផង ទៅចាក់សោរមួយទៀតលើសោរចាស់ នៅផ្ទះសំអាងការមួយ ក្នុងស្រុកសូទ្រនិគម បង្កការភ្ញាក់ផ្អើលយ៉ាងរន្ទឺ ពេញស្រុកមួយនេះ។ បន្ទាប់ពីកើតហេតុ ក៏មានការប្តឹងផ្តល់គ្នាទៅតុលាការ រហូតមកទល់ពេលនេះ។ ក្នុងដំណើររឿង គឺផ្តើមចេញពីចងការលុយ ដែលកូនបំណុល និងមេបំណុល បានព្រមព្រាងគ្នាពីដំបូង៕ប៊ុន រិទ្ធី