ខេត្តឧត្តរមានជ័យ៖ មេជាង និងកម្មករសំណង់ប្រមាណជាង៣០នាក់(សាមសិបនាក់) បានលើកឡើង និងសូមអំពាវនាវដល់អាជ្ញាធរស្រុក ខេត្ត ជាពិសេស លោកអភិបាលខេត្ត មេត្តាជួយអន្តរាគមន៍ ចំពោះករណីក្រុមហ៊ុនលោកឧកញ៉ា វិញ ហួរ ដែលមានទីតាំង ស្ថិតនៅភូមិពាម ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដែលបានជួលពួកគាត់ ឲ្យសាងសង់អគារស្នាក់នៅ ក្នុងភូមិសាស្ត្រក្រុមហ៊ុន ដែលកំពុងអភិវឌ្ឍន៍ដាំដំណាំកសិកម្ម ដើមអំពៅដើម្បីផលិតស្ករអំពៅ ដោយខាងក្រុមហ៊ុនមិនព្រមបើកប្រាក់ឈ្នួល ពលកម្មឲ្យពួកគាត់ឡើយហើយចេះតែសន្យា ពីមួយថ្ងៃ ទៅមួយថ្ងៃ គិតត្រឹមថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៨ មានរយៈពេលជាងពីរខែមកហើយ ។
អ៊ុំស្រីម្នាក់ ឈ្មោះ រ៉េត អាយុ៥៣ឆ្នាំ ជាកម្មករម្នាក់ ក្នុងចំណោយកម្មករជាសាមសិបនាក់នោះ បានត្អូញត្អែរថា គាត់គ្មានប្រាក់វិលទៅស្រុកវិញទេ ហើយគ្មានប្រាក់សងបំណុលគេដែរ ព្រោះគាត់ធ្វើការនៅក្រុមហ៊ុនលោកឧកញ៉ា វិញ ហួរ ជាងពីរខែមកនេះ ការហូបចុក គឺជំពាក់គេទាំងអស់ ហើយគាត់មកធ្វើការនៅទីនេះទាំងគ្រួសារតែម្តង ពោលគឺទាំងប្តី និងកូន បើក្រុមហ៊ុនមិនបើកលុយ ចប់ហើយ មានតែលក់ផ្ទះសម្បែងសងគេប៉ុណ្ណោះ ។
កម្មករផ្សេងៗទៀត បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ គ្នាអ្វីទីពឹងទេ គឺធ្វើការមួយថ្ងៃ រស់មួយថ្ងៃ អ្នកខ្លះទៀត ជំពាក់បំណុលធនាគារ សង្ឃឹមប្រាក់ស៊ីឈ្នួលលោក ឧកញ៉ា ដើម្បីដោះបំណុល តែអកុសល ទុក្ខជាន់លើទុក្ខ កូនៗប្រឈម នឹងការអត់អាហារ ដោយសារក្រុមហ៊ុនស៊ីដាច់ប្រាក់ឈ្នួល ។
ចំពោះករណីខាងលើក្រុមការងារមិនអាចសុំការបំភ្លឺពីឈ្មោះ ឆៃ ដែលគេស្គាល់ថា ជាមេការតំណាងឲ្យក្រុមហ៊ុនបានទេ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ដោយទូរស័ព្ទចូលជាច្រើនដង អត់មានអ្នកទទួល ។
ចំណែកលោកឧកញ៉ា វិញ ហួរ ដែលជាប្រធានក្រុមហ៊ុន ក៏មិនអាចធ្វើការទាក់ទងបានដែរ ព្រោះគ្មានលេខទូរស័ព្ទ៕ ប៉ែន នួន