ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៨ បានព្រមានខ្លាំងៗថា នឹងប្ដឹងអ្នកវិភាគសង្គមលោក គឹម សុខ ដាក់ពន្ធនាគារ វិញប្រសិនបើមិនសងប្រាក់សំណង៨០០លានរៀលស្មើនឹងប្រមាណ២០ម៉ឺនដុល្លារមកឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ ។
ការព្រមានប្តឹងអ្នកវិភាគសង្គមរិះគន់ មិនសំចៃមាត់លោក គឹម សុខ ដាក់ពន្ធនាគារ វិញនេះបានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះ សំណាលជាមួយកម្មករកម្មការិនីសរុប ១៤.៧៩៩នាក់ទៀតមកពីរោងចក្រសហគ្រាសចំនួន៦ក្នុងខណ្ឌពោធិ៍សែនជ័យ។
នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោហាក់បានបង្ហាញការខឹង សម្បាខ្លាំងជាមួយលោក គឹម សុខ ពាក់ព័ន្ធនឹងការវិភាគមួយចំនួនដែលនាំប៉ះពាល់ ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះបន្ទាប់ពីរូបលោកបានចេញពីពន្ធនាគារមកវិញ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានពន្យល់ថា លោក គឹម សុខ បានចេញពីពន្ធនាគារដោយសារការអនុវត្តទោសរួចរាល់នៅក្នុងពន្ធនាគារមិនមែនជាការរួចទោសដោយសារការព្រះរាជទានលើកលែង ទោសពីព្រះមហាក្សត្រនោះឡើយ។ ដូច្នេះ ប្រាក់សំណងដែលតុលាការតម្រូវឲ្យសងដើមបណ្តឹងគឺគណបក្សប្រជាជនកម្ពុជា ប្រមាណ៨០០លានរៀលនោះនៅតែត្រូវសងដដែលមិនបានរលាយដូចអ្នកទោសដទៃដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនោះឡើយ ។
សម្ដេចតេជោបានមានប្រសាសន៍ បញ្ជាក់យ៉ាងដូច្នេះថា «អ្នករួចទោសតាម រយៈការសុំលើកលែងទោសរបស់នាយក រដ្ឋមន្ដ្រីថ្វាយព្រះមហាក្សត្រព្រះរាជទានលើកលែងទោសសំណងទាំងឡាយមិនត្រូវបានសងទេ ក៏ប៉ុន្ដែផ្ទុយទៅវិញអ្នករួចទោសដោយសាលក្រមផុតរលត់ត្រូវតែ សងលុយជំពាក់គេ» ។
សម្ដេចតេជោបានបន្ដថា «អ៊ីចឹងនរណា ដែលរួចទោសបែបនេះគណបក្សប្រជាជនត្រូវគេជំពាក់៨០០លានរៀលត្រូវរកលុយសងបើមិនសងលុយទេប្រហែលជាចូល គុកវិញ ព្រោះអ្នកឯងមិនសងលុយ។ អ្នក ឯងជាប់ទោសរួចតែទោសទេ ប៉ុន្ដែលុយ ត្រូវសងបើករណីលើកលែងទោសអាហ្នឹងត្រូវរួចទាំងអស់ អ៊ីចឹងត្រូវបែងចែកគ្នាឲ្យ ច្បាស់» ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានចំអកផងដែរថា អ្នកដែលទើបចេញពីគុកក្ដៅៗ កុំអាលព្រហើនជាមួយសម្ដេចឲ្យសោះ ព្រោះទ្វារគុកនៅចំហដើម្បីចាំស្វាគមន៍ ត្រឡប់ទៅវិញ បើនៅតែខ្លាំងសម្ដេចនឹង យកបញ្ចូលគុកវិញតែម្ដង។ ត្រង់ចំណុច នេះសម្ដេចបានព្រលយពាក្យថា «នីតិ មាត់» គឺចេញពីនីតិរដ្ឋដោយនិយាយផ្អែកទៅលើទិដ្ឋភាពច្បាប់តែប៉ុណ្ណោះ ។
សូមរំលឹកថា លោក គឹម សុខ អ្នកវិភាគ នយោបាយ និងសង្គមត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញនៅ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨បន្ទាប់ពី អនុវត្តទោសចប់សព្វគ្រប់ ពោលគឺបាន ជាប់ពន្ធនាគារអស់រយៈពេលប្រមាណ ១៨ខែ ។
លោក គឹម សុខ កាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៧កន្លងទៅត្រូវបានចៅ ក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធ នាគារចំនួន១៨ខែ និងពិន័យប្រាក់ចំនួន ៨លានរៀលរួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការផ្តន្ទាទោសនេះធ្វើឡើងតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មលោក កែម ឡី ៕ ហេង សូរិយា