ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀង សហការជាមួយមន្ត្រីជំនាញរដ្ឋជលផល ចុះបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផលនារដូវបិទនេសាទ ដោយកាប់កម្ទេច និងបំផ្លាញចោលនូវវត្ថុតាងនៅនឹងកន្លែង ។
ប្រតិបត្តិការខាងលើធ្វើឡើងពេញមួយថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចភូមិសាស្ត្រ ភូមិចារុះ និងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី កើត ខេមរៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ក្នុងនោះលោកបានដឹកនាំកម្លាំងក្រោមឱវាទចុះសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ដើម្បីការពារនូវផ្នែកសណ្ដាប់ធ្នាប់ក្នុងកិច្ចប្រតិបត្តិការបង្រ្កាប់នូវបទល្មើសនេសាទ ហើយជាលទ្ធផល៖ កម្លាំងសហការកាប់កម្ទេច និងបំផ្លាញចោលនូវវត្ថុតាងនៅនឹងកន្លែងរួមមាន ក្បាលបរចំនួន ១១គ្រឿង របាំងសាច់អ៊ួនក្រឡាល្អិតប្រវែងចំនួន ៣.៥០០ម៉ែត្រ បង្គោលចំរឹងចំនួន ៣២០ដើម និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ៣០គីឡូក្រាមផងដែរ ។
ក្នុងនោះកម្លាំងសហការមន្រ្តីជំនាញរដ្ឋបាលជលផលស្រុកកណ្ដៀងបានឲ្យដឹងដែរថា ឧបករណ៍ខុសច្បាប់ស្ដីពីរដ្ឋបាលជលផលទាំងសាច់អ៊ួនក្រឡាល្អិតក្តីឬត្រូវខ្នាតក្តីវែងឬខ្លីក្តី សុទ្ធជាឧបករណ៍ខុសច្បាប់ស្ដីពីជលផលទាំងអស់ ព្រោះឧបករណ៍គ្មានប្រកាសនៅក្នុងក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ ហើយក៏បានសន្យាផងដែរនឹងបន្តបង្រ្កាបជាបន្តបន្ទាប់ទៀត ៕ ប៉ឹម ពិន