ភ្នំពេញ៖ បុរសម្នាក់បានផឹកស្រាបៀរជាមួយមិត្តភក្ដិអស់២កំប៉ុង បន្ទាប់មក បានសុំលាមិត្តភក្ដិចូលទៅដេកដោយប្រាប់ថា គាត់មិនសូវស្រួលខ្លួនសោះ ចេះតែងងឹតមុខ ។ ប៉ុន្តែពេលនោះ មិនមាននរណាចាប់អារម្មណ៍ជួយកោសខ្យល់ឲ្យឡើយ លុះព្រឹកឡើង ស្រាប់តែត្រូវបានប្រពន្ធប្រទះឃើញស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រហែល៨និង០០នាទី ព្រឹកថ្ងៃទី២ កញ្ញា ២០១៨ ចំណុចបន្ទប់ជួលលេខ១ ជាន់ទី១ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសនោះឈ្មោះ សាំង លឹមចេង អាយុ៣០ឆ្នាំ មុខរបរកម្មករដឹកឥវ៉ាន់ ស្នាក់នៅចំណុចកើតហេតុ មានស្រុកកំណើតភូមិ អង្គសង្កែ ឃុំពោធិ៍ចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ មានប្រពន្ធឈ្មោះ បេង រស្មី អាយុ ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
អ្នកជិតខាងបានិយាយថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ បានផឹកស៊ីជាមួយ អ្នកជិតខាងក្បែរបន្ទប់ជួល អស់ចំនួន ២កំប៉ុង រួចម៉ោងប្រហែល៨យប់ បានសុំឡើងទៅបន្ទប់ ប្រាប់ថា អត់ស្រួលខ្លួន ងងឹតមុខ ។ លុះព្រឹកឡើង ម៉ោងប្រហែល៨ព្រឹក ប្រពន្ធចេញពីធ្វើការវេនយប់ មកដល់ គោះទ្វារបន្ទប់ តែប្តីមិនបើក ទើបប្រពន្ធបានបើកបង្អួចកញ្ចក់ យកសំបកកំប៉ុង ស្រាគប់បី ក្រែងប្តីដឹងខ្លួន តែប្តីនៅតែមិនភ្ញាក់ ទើបហៅអ្នកជិតខាងឲ្យជួយគាស់ទ្វារ និងបង្អួចចេញ ទើបដឹងថា ប្តីស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធបានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យ និងកោសល្យវិច័យហើយ នគរបាលបានសន្និដ្ឋានថា បុរនេះ ពិតជាស្លាប់ ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែនរួចបានប្រគល់សពជូនប្រពន្ធនាំយកទៅធ្វើបុណ្យតាមប្រពៃណីតែម្ដង ៕ សុខាសែនជ័យ