ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០១៨ នគរបាលខេត្តកំពង់ធំ បានបង្ហាញមុខសញ្ញាដែលប្រព្រឹត្តបទល្មើសយ៉ាងសកម្ម (កាត់សោទ្វារបន្ទប់លួចសម្ភារក្នុងសាលារៀន) ដែលបានធ្វើសកម្មភាពកាលពីវេលាម៉ោង២៣ និង ១៥ នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាចើងដើង ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយកំណត់មុខសញ្ញា ជនល្មើសចំនួន២នាក់ ឈ្មោះ ហូ ឡូត ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ត្រូវជាឳពុក និងឈ្មោះ នាង សុខឡី ហៅ ចិត្រា ស្រូយ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ត្រូវជាកូន រស់នៅភូមិ ព្នៅ ឃំុ ព្នៅ ស្រុក សន្ទុក ខេត្តកំពង់ធំ ដកហូតបានវត្ថុតាងរួមមាន ម៉ូតូ ១ គ្រឿង ដង្គាប់ចំនួន ១ ដង្កាប់អូតូម៉ាទិចចំនួន ១ កន្ត្រៃសម្រាប់កាត់ដែកចំនួន ២ គ្រឿង ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន ។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ សមត្ថកិច្ចបានឆែកឆេរនៅផ្ទះ របស់ជនសង្ស័យដកហូតបានសម្ភារសាលារៀនមួយចំនួនដូចជា÷ អាំងវ័រទ័រចំនួន២ គ្រឿង ម៉ាញ៉េចំនួន ០១ គ្រឿង ម៉ាស៊ីនព្រីនចំនួន ១ គ្រឿង ឧបករណ៍បំពងសំឡេងចំនួន ៤ គ្រឿង អាគុយចំនួន ០១ គ្រឿង ម៉ូទ័របូមទឹកចំនួន ២ គ្រឿង ក្បាលបញ្ចាំងវីដេអូ ចំនួន ១ គ្រឿង ជញ្ជីងចំនួន ២ គ្រឿង ម៉ាស៊ីនកាត់ស្មៅចំនួន ០១គ្រឿង នាឡិការចំនួន ២ គ្រឿង ម៉ាស៊ីនកិនទឹកកកចំនួន ១ គ្រឿង ម៉ាស៊ីនទូរទស្សន៍ចំនួន ២ គ្រឿង ឡូភ្លើងចំនួន ១ ដុំ ផ្លែចបកាប់ដីចំនួន ២ផ្លែ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម ក្នុងការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងបើសិនជាបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះជនខិលខូច សូមរាយការណ៍ មកសមត្ថកិច្ច ដើម្បីឲ្យសមត្ថកិច្ច មានវិធានការ ត្រួតពិនិត្យ ណែនាំអប់រំ ឲ្យកែប្រែ ដើម្បីកុំឲ្យពាក់ព័ន្ធឈានទៅការប្រព្រឹត្តបទល្មើស ដូចជនសង្ស័យទាំង ២ នាក់ខាងលើនេះ ។
ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ៕ ប៊ុនរិទ្ធី