ភ្នំពេញ៖ លោកស្រី ហ៊ុន សីណាត ប្អូនស្រីបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ បន្តពន្លះប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខេត្តសៀមរាប ពាក់ព័ន្ធនឹងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ចេញយឺតយ៉ាវនៅក្នុងខេត្ត ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ផលប្រយោជន៍យ៉ាងច្រើន ។
ការចេញមុខនិយាយរិះគន់ជាលើកទី២ ជុំវិញករណីចេញប័ណ្ណកម្មសិទ្ធិនេះ គឺកើតឡើង បន្ទាប់ពីលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខេត្តសៀមរាប ដែលកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ចេញលិខិតមួយច្បាប់ បកស្រាយចំពោះការយឺតយ៉ាវនេះថា ដោយសារបញ្ហាបច្ចេកទេស ។
លោកស្រីបានតបទៅនឹងការបកស្រាយនេះថា «នាងខ្ញុំ ហ៊ុន ស៊ីណាត អរគុណណាស់សម្រាប់ការបញ្ជាក់ឲ្យពួកយើងខ្ញុំបានដឹងច្បាស់ថា ដីរបស់នាងខ្ញុំ និងបងប្អូនពលរដ្ឋផ្សេងទៀត នៅក្នុងបុរីសៀងណាំ មិនមានការពាក់ព័ន្ធណាមួយជាមួយដីអប្សរា ឬដីរដ្ឋ។ ក៏ប៉ុន្តែ នាងខ្ញុំ និងពលរដ្ឋក្នុងបូរីសៀងណាំ ដែលរងគ្រោះដោយសារការចេញប័ណ្ណកម្មសិទ្ធិយឺតយ៉ាវជ្រុលនោះ នៅតែមានចម្ងល់ដដែលថា បង្កាន់ដៃធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី បានចេញឲ្យនាងខ្ញុំ និងបងប្អូនយើងនៅចុងខែធ្នូ ឆ្នាំ២០១៣ ហើយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបមានការស្នើសុំជំនួយទៅក្រសួងឲ្យជួយពិនិត្យមើលបញ្ហាបច្ចេកទេសធ្លាក់ពង់បង្គោល ប្រថពីវិភាគ ចុះហេតុអ្វីនៅមុនពេលមានបញ្ហាបច្ចេកទេស រយៈពេលជាង៥ឆ្នាំដែរ ហេតុអ្វីមិនព្រមដោះស្រាយ បញ្ហាបច្ចេកទេសនេះឲ្យបាន?»។
លោកស្រីបានចោទជាសំណួរថា «នាងខ្ញុំគិតថា ការងារនេះមិនគួរយូរយ៉ាងនេះទេ ។ ឬមួយទាល់តែពលរដ្ឋរងគ្រោះ បាត់បង់ផលប្រយោជន៍និយាយជាសាធារណៈ ទើបអស់លោកមន្ត្រី ឆ្លើយតប និងចាត់វិធានការ? តើឲ្យពលរដ្ឋយើង ទៅរំពឹងអ្វី បើមន្រ្តីរដ្ឋ ហាក់ដូចជាចន្លុះអត់ជ័រ ទាល់តែពលរដ្ឋឆ្កឹះឆ្កៀល ទើបឆេះ និងទើបចាប់ផ្តើមធ្វើការបែបនេះ ឬមួយមន្រ្តីយើងធ្វើការជាអាទិភាព សម្រាប់តែអ្នកមានអំណាច និងអ្នកមានលុយ?»។
លោកស្រី ហ៊ុន ស៊ីណាត បានហៅរបៀបធ្វើការរបស់លោក ហ៊ី សាយ គឺជាមន្ត្រីជើង១០ មិនចេះគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋ ដែលប្រមុខដឹកនាំកំពុងតែយកចិត្តទុកដាក់ ដោយលោកស្រី សរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «គិតៗទៅ មន្រ្តីជើងដប់ ក៏នៅតែគ្រាន់បើជាងមន្រ្តីចន្លុះអត់ជ័រដែរ ។ តើឲ្យរាស្រ្តទៅពឹងទៅលើអ្វី? តើឲ្យសម្តេចតេជោទៅរំពឹងទៅលើអ្វី? បើកុំតែនាងខ្ញុំ ផូសលើ Facebook ម្ល៉េះអស់លោកមន្រ្តីទាំងអស់ មិនបិទលទ្ធផលវិនិច្ឆ័យក្បាលដី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នោះទេ គឺប្រាកដជាដាំចេក ដេកចាំហើយ»។
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ លោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីចេញយឺតយ៉ាវ ពន្ធដារផាកពិន័យសាហាវ ធ្វើឲ្យរាស្ត្រស្រក់ទឹកភ្នែក ស្រែករកសម្ដេចតេជោឲ្យជួយ ពាក់ព័ន្ធនឹងពលរដ្ឋមានផ្ទះនៅក្នុងបុរីសៀងណាំ ក្នុងខេត្តសៀមរាប បានទទួលបានបង្កាន់ដៃសម្គាល់ក្បាលដីតាំងពីឆ្នាំ២០១៣មកម៉្លេះ តែមកដល់ឆ្នាំ២០១៨ ប្លង់ដីមិនទាន់ចេញដល់ដៃលោកស្រីនៅឡើយទេ ដែលនេះ ជាហេតុធ្វើឲ្យលោកស្រីមានការព្រួយបារម្ភ ចំពោះដីនេះយ៉ាងខ្លាំង។
លោកស្រីសរសេរថា «បន្ទាប់ពីទិញដីក្នុងបុរីសៀងណាំ នាងខ្ញុំ និងក្រុមគ្រួសារជាច្រើន ទទួលបានបង្កាន់ដៃសម្គាល់ក្បាលដី ដែលចេញតាំងពីឆ្នាំ២០១៣ តែរហូតមកដល់ខែសីហា ឆ្នាំ២០១៨នេះ ពួកយើងទាំងអស់គ្នាពុំទាន់បានទទួលប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុឡើយ ។ រយៈពេល៥ឆ្នាំមកនេះ នាងខ្ញុំមានការព្រួយបារម្ភជាខ្លាំងអំពីបញ្ហានេះ នាងខ្ញុំគិតថា ដីរបស់នាងខ្ញុំហាក់ដូចជាមានបញ្ហាអ្វីមួយនៅពីក្រោយខ្នងរឿងនេះ បានជារដ្ឋមិនព្រមចេញប្លង់រឹងឱ្យ ។ ទាំងអស់នេះ វាជាបញ្ហា ដែលត្រូវចោទសួរថា តើក្រសួងរវល់ធ្វើអ្វី បានជាមិនព្រមចេញប្លង់រឹងជូននាងខ្ញុំ ហ៊ុន ស៊ីណាត និងប្រជាពលរដ្ឋនៅក្នុងបុរីសៀងណាំនេះ? ចម្លើយនេះ ពិតជាមិនដឹងត្រូវឆ្លើយយ៉ាងណាឱ្យស័ក្តិសមនោះទេ ប្លង់ដីជាច្រើនក្នុងប្រទេសកម្ពុជា ត្រូវបានចេញជូនម្ចាស់ដី ចម្លែកអី ដីមួយកន្លែងក្នុងបុរីសៀងណាំ ខេត្តសៀមរាប ក្រសួងគ្មានពេលវេលា ធ្វើប្លង់ចេញជូននាងខ្ញុំ និងប្រជាជនផ្សេងៗទៀត ឬដីមួយដុំនោះ មានបញ្ហាអ្វី ដែលមិនអាចចេញប្លង់បាន ហើយចេញបានត្រឹមតែបង្កាន់ដៃសម្គាល់លេខក្បាល់ដីបែបនេះ ។ ប្រសិនបើក្រសួងមានការរវល់ខ្លាំងយ៉ាងណា បន្ទាប់ពីចេញបង្កាន់សម្គាល់លេខក្បាលដីក្នុងឆ្នាំ២០១៣ ក្រសួងមិនគួរណាចំណាយពេលដល់ទៅ៥ឆ្នាំហើយ នៅតែមិនទាន់បានសម្រេចចេញប្លង់រឹងឱ្យនាងខ្ញុំ ហើយប្រសិនបើដីមានបញ្ហា ឬទំនាស់នានា គួរណាធ្វើការជូនដំណឹង និងដោះស្រាយ មិនគួរអូសបន្លាយពេលយូរបែបនេះនោះទេ»។
បើតាមប្រភពដដែលបានឲ្យដឹងថា លោកស្រី និងប្រជាពលរដ្ឋដទៃទៀត បានបង់ពន្ធដីធ្លីជារៀងរាល់ឆ្នាំ ដោយពុំដែលមានការប្រឆាំង ឬមិនព្រមបង់ពន្ធដោយចេតនានោះទេ។លោកស្រីបន្តថា «ជារឿងសោកស្តាយ នៅពេលមួយនាងខ្ញុំខកខានក្នុងការបង់ពន្ធមួយឆ្នាំដោយនាងខ្ញុំមានការរវល់ត្រូវទៅបរទេស មិនអាចត្រឡប់មកវិញទាន់ពេល ក្នុងការបង់ពន្ធ នាងខ្ញុំត្រូវរងនូវការផាកពិន័យបង់ក្នុងតម្លៃគុណឡើងពីរទៅបីដង។ ក៏ប៉ុន្តែ នាងខ្ញុំសុខចិត្តទទួលរងការផាកពិន័យនេះ ហើយនាងខ្ញុំចង់បង្ហាញថា នាងខ្ញុំជាពលរដ្ឋរស់នៅក្នុងសង្គមខ្មែរមួយរូប ត្រូវបំពេញតួនាទីជាពលរដ្ឋឱ្យបានល្អ ដោយត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ទោះបីជាប្លង់រឹងមិនទាន់ចេញដល់ដៃនាងខ្ញុំក៏ដោយ។ គិតៗទៅ នេះជាការតបស្នងមកវិញពីសំណាក់អាជ្ញាធររដ្ឋ មកលើប្រជាពលសាមញ្ញមួយរូបដូចនាងខ្ញុំ ដែលខំធ្វើខ្លួនជាពលរដ្ឋល្អក្នុងសង្គម គោរពច្បាប់នេះ សូម្បីតែប្លង់ដី ដែលនាងខ្ញុំរស់នៅ មួយសន្លឹកក៏គ្មានដែរ តើសាកសមដែរឬយ៉ាងណា សូមអស់លោកមន្ត្រីរាជការជួយពិចារណាផង។ តើរដ្ឋបម្រើសេវាឲ្យរាស្រ្តបែបនេះឬយ៉ាងណា? ម្ខាងមិនព្រមផ្តល់សេវា ឬផ្តល់សេវាយ៉ាងយឺតយ៉ាវ ចំណែកឯម្ខាងទៀត ចាំតែផាកពិន័យពីរាស្រ្ត។ តើសេវាសាធារណៈលឿនរហ័ស មានសម្រាប់តែបុគ្គល ដែលមានបុណ្យស័ក្តិ មានលុយ? តើបញ្ហារបស់រាស្រ្តភាគច្រើននៅតែមិនត្រូវបានយកចិត្តទុកដាក់ដោយស្ថាប័នមួយចំនួនជារឿងរហូតឬយ៉ាងណា?តើមន្រ្តីមានសមត្ថកិច្ចទាំងឡាយមានចេតនាស្មោះត្រង់ចង់ដោះស្រាយបញ្ហាលំបាករបស់រាស្រ្តដែរឬយ៉ាងណា? នេះហើយជាចំណុច ដែលរាស្រ្តតែងតែថ្នាំងថ្នាក់នឹងរដ្ឋ ថ្នាក់ដឹកនាំកំពូល ឬរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ» ៕ ប៊ុនរិទ្ធី