ព័ត៌មានទាន់ហេតុការណ៍៖

អាងខ្លួនមានអំណាច យកសុទ្ធតែគ្រឿងចក្របិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ មកឈូសបំផ្លាញផលដំណាំ និងចាក់អាចម៍ដីចង់លុបផ្ទះពលរដ្ឋបំណងរំលោភយកដី

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរក្រុងសំរោង បានទៅបោះបង្គោលព្រំដី លំនៅឋាន មួយកន្លែង ដើម្បីរង់ចាំការដោះស្រាយ រវាងជនរំលោភយក នឹងប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិ ដែលជាម្ចាស់ផ្ទះ បានប្ដឹង ទៅអាជ្ញាធរក្រុងសំរោង នៅពេលដែលមានគ្រឿងចក្រជាច្រើនគ្រឿង មានបិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ មកធ្វើសកម្មភាព ឈូសឆាយបំផ្លាញផលដំណាំ ដើមស្វាយធំៗ អស់ជាង៣០ដើម និងចាក់អាចម៍ដីបម្រុង លុបផ្ទះបំបាត់ភស្តុតាង បំណងរំលោភយកដីពលរដ្ឋស្លូតត្រង់ ។

ប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវបានគ្រឿងចក្រ មានបិទស្លាកក្រសួង អភិឌ្ឍន៍ជនបទ ឈួសឆាយបំផ្លាញផលដំណាំ និងរបស់របរផ្សេងៗ បូករួមទាំងផ្ទះផងនោះ ឈ្មោះ វណ ស៊ីមឹង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដងទង់ សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានដីទំហ៊ុំ៤០ម៉ែត្រគុណ៤០ម៉ែត្រ ផ្ទះឈើតៀមប្រក់សង្កសី ។

បុរសជាម្ចាស់ផ្ទះ បានលើកឡើងថា ដីនេះគាត់មករស់នៅជិត១០ឆ្នាំហើយ ពេលក្រុមយុវជន ស្ម័គ្រចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធជូន ត្រូវបានលោក លឹម អូ អតីតមេភូមិជ្រឹងខាងកើត និងបក្ខពួកជាង១០បាននាំគ្នា មក រារាំងប្រដាប់ដោយកាំបិត និងព្រនង់មករារាំង តែក្រោយមក ក្រុមយុវជន ក៏បានឃើញទិដ្ឋភាពរស់នៅ និងអាស្រ័យផលជាក់ស្ដែងបូករួមមានផ្ទះសម្បែងផងនោះ ក៏មកវាស់វែងធ្វើប័ណ្ណកម្មសិទ្ធឲ្យ តែត្រូវបានឈ្មោះ លឹម អូ ប្ដឹងទាស់ មិនឲ្យចេញបណ្ណ័កម្មសិទ្ធ បានតែបង្កាន់ដៃ។

រហូតមកដល់ពេលនេះ ដីឡើងថ្លៃឈ្មោះ លឹមអូ បានលក់ឲ្យឈ្មួញដែលជាអ្នកមានអំណាច ក៏បានយកគ្រឿងចក្របិទស្លាកក្រសួង អភិវឌ្ឍន៍ជនបទ មកឈូសកម្ទេចដំណាំ និងចាក់អាចម៍ដី ទាំងបំពានតែម្ដង ទាំងដឹងថា ដីមានទំនាស់ ។

ក្នុងនោះមានគ្រឿងចក្រជាច្រើនដូចជា រថយន្ដដឹកដី អេស្ការម៉ូទរ័ និងអាប៊ុល ដោយធ្វើសកម្មភាពបំពានយ៉ាងគឃ្លើន ដោយគ្មានខ្លាចក្រែងចិត្តម្ចាស់កម្មសិទ្ធបន្តិចឡើយ ។

បុរសជាម្ចាស់កម្មសិទ្ធ ដែលបានរស់នៅ និងអាស្រ័យផលជាក់ស្ដែង បានបន្ដឲ្យដឹងថា ឈ្មោះ លឹម អូ ដែលជាអតីត មេភូមិជ្រឹងខាងកើតរូបនេះ ខ្លួនឯងជាមេភូមិ កន្លែងណាក៏ដើរចង្អុលថា ជាដីរបស់ខ្លួនដែរ ពេលក្រុម យុវជនស្ម័គ្រចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ចុះវាស់វែងជូនប្រជាពលរដ្ឋត្រូវបានបុគ្គល លឹម អូ បានដើរប្ដឹងទាស់ មកលើពលរដ្ឋខ្លួនឯងចំនួន៤៦គ្រួសារ។

ដោយប្រជាពលរដ្ឋបានដាក់ពាក្យសុំជួយអន្តរាគមន៍ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តឧត្ដរមានជ័យ តែត្រូវបរាជ័យ ដោយគ្មានអ្នកណាជួយរកដំណោះស្រាយ ជូនដល់ពួកគាត់ទាំង៤៦គ្រួរសារនោះទេ ព្រោះគាត់ថា ជាបក្ខពួកឈ្មោះ លឹម អូ សូរទុកឲ្យពលរដ្ឋស្លាប់ យកដីចែកគ្នា ។ រហូតមកដល់នឹងពេលនេះ រឿងកាន់តែរីកធំឡើងៗ ដូចជំងឺមហារីក ។

ដោយអ្នកមានអំណាចចូលដៃចូលជើងនឹងជនខិលខូច បំពានយកដីពលរដ្ឋក្រីក្រ ដែលរស់នៅនិងអាស្រ័យផលជាក់ស្ដែង។

លោក លឹម អូ អតីតមេភូមិជ្រឹងខាងកើត បានឲ្យដឹងថា ដីដែលលោកប្ដឹងទាស់ជាច្រើនប្លង់ លោកនឹងយកធ្វើជាកម្មសិទ្ធវិញ ទាំងអស់ ហើយដី ដែលកំពុងតែមានទំនាស់នេះ លោកក៏យកវិញដែរ ហើយលោកបានលក់ឲ្យអ្នកមានអំណាចរួចរាល់ហើយដែរ ហើយលោកចេញឲ្យថ្លៃខូចខាត ចំនួនមួយពាន់ដុល្លារ តែម្ចាស់ដីរស់នៅជាក់ស្ដែងទាមទារយកមួយម៉ែត្រ បីរយដុល្លារ នៅក្នុងទំហ៊ុំដី ៤០ម៉ែត្រគុណ៤០ម៉ែត្រ។ តែរឿងនេះ រហូតមកទល់នឹងពេលនេះ មិនទាន់មានការឯកភាពពីភាគីណាមួយឡើយ ក្នុងការសម្របសម្រួលគ្នា ៕ ប៉ែន នួន


ចែករំលែក៖