ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ មានគំនុំជាមួយមន្ត្រីនគរបាលម្នាក់ តាំងពីនៅមានតំណែង រហូតដល់ពេលចូលនិវត្តន៍ អស់តួនាទីទៅហើយនោះ បានលើកកាំបិតឡើងកាប់ដល់លើផ្ទះ ចោទថាចេះធ្មប់ទៅវិញ បណ្តាលឲ្យរបួសធ្ងន់ ។ ហេតុការណ៍ប្រើហិង្សានេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ។
ជនរងគ្រោះឈ្មោះ សេន តារា ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីនគរបាល ទើបចូលនិវត្តន៍ រស់នៅភូមិកើតហេតុ ។ ចំណែកជនដៃដល់ ឈ្មោះ សែម ណុប ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជាមួយជនរងគ្រោះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាមន្ត្រីនគរបាល ទើបចូលនិវត្តន៍ប្រហែល៥ខែ កំពុងសម្រាកក្នុងអង្រឹងលើផ្ទះម្នាក់ឯង ស្រាប់តែជនដៃដល់ កាន់កាំបិតក្នុងដៃ ឡើងលើផ្ទះជនរងគ្រោះ រួចកាប់ប្រហារលើជនរងគ្រោះបំណងផ្តាច់ជីវិត តែសំណាងល្អ ជនរងគ្រោះដឹងខ្លួនទាន់ បានលើកជើងម្ខាងរងកាំបិតបន្ទោះ បណ្តាលឲ្យមុតជើងស្តាំ១កាំបិត រួចស្រែកឲ្យគេជួយ ។
ក្រោយកើតហេតុ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ នាំមកសួរចម្លើយបានឆ្លើយថា ជនរងគ្រោះ ចេះអំពើធ្មប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមច្បាប់៕ សេនាស័ក្តិ