ព័ត៌មានទាន់ហេតុការណ៍៖

ដល់កហើយ! លោកចោរចូលគាស់ទូដែក ប្រមូលលុយជាង៥ម៉ឺនដុល្លារដោយសុវត្ថិភាព ពីរោងចក្រតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីសន្តិសុខ និងថៅកែរោងចក្រ ណាកាយ៉ាម៉ា ខណៈមានក្រុមជនសង្ស័យបានចូលទៅរោងចក្រ លួចគាស់ ទូដែក យកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានរត់គេចខ្លួនផ្លោះរបងខាងក្រោយរោងចក្របាត់ស្រមោល ។

ហេតុការណ៍ក្រុមជនសង្ស័យចូលគាស់លុយក្នុងរោងចក្រណាកាយ៉ាម៉ា ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិតបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ។

បើតាមសមត្ថកិច្ចក្រុងបាវិតមិនបញ្ចេញឈ្មោះបាន បង្ហើបឲ្យកាសែតនគរវត្តដឹងថា រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ និងស្រាវជ្រាវសាកសួរយ៉ាងម៉ត់ចត់បំផុត ខណៈដែលថៅកែរោងចក្រណាកាយ៉ាម៉ាបានអះអាងថា បានបាត់លុយក្នុងទូដែកចំនួនប្រមាណ៥ម៉ឺន១៦៤៥ដុល្លារ និងបាត់ក្បាល ហាតឌីស របស់ Camera ផងដែរ។

ប្រភពបន្តថា ជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពចូលគាស់ទូដែក និងបានរើរបស់របរក្នុងបន្ទប់រួចមកក៏បាននាំគ្នាឡើងជណ្តើរតាមរបងខាងក្រោយរោងចក្រ គេចខ្លួនបាត់តែម្តង ដោយមិនមានសន្តិសុខយាមណាម្នាក់ បានឃើញនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចខេត្តស្វាយរៀងកំពុងស្រាវជ្រាវរកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ឲ្យខាងតែបាន ៕ យឹម សុថាន


ចែករំលែក៖