ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបើកបុករះរថយន្តមួយគ្រឿងនិងម៉ូតូ២គ្រឿង របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញៈ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសាររថយន្តបែនដឹកដីមួយគ្រឿង បើកល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តតាកុមា មួយគ្រឿង ហើយនៅមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុកម៉ូតូចំនួន២គ្រឿងទៀត បើកច្រាសទិស បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល ៣នាក់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាតីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ បែន ដឹកដី ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5141 បើក តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ល្បឿនលឿនលុះដល់ចំណុចកើតហេតុ ព្យាយាមបើកវ៉ាជែង តែមិនផុតទៅបុកគូទរថយន្ត តាកុមា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7635 បើកស្របទិស បណ្តាលឲ្យរងខូចខាត បែកស្តុប ប៉ោងជញ្ជាំង មួយចំហៀង ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបំណែកផ្លូវម្ខាង ជ្រុលបុកម៉ូតូ ចំនួន២គ្រឿងទៀត កំពុងបើកបរច្រាសទិស បណ្តាលឲ្យ ភាគីម៉ូតូចិន ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1M-4433 បើកបរដោយ ជនរងគ្រោះ ឈ្មោះ ម៉ៃ តារា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ មានស្រុកកំណើត ភូមិ ពោធិស្នាយ ឃុំ ព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង រងរបួសបាក់ជើងឆ្វេង វង្វេងបាត់ស្មារតី រងរបួសធ្ងន់ចំណែកភាគី ម៉ូតូ ម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-4676 ជិះគ្នា២នក់ប្តីប្រពន្ធ បើកបរដោយឈ្មោះ ចាន់ ប៊ុនថុល ភេទប្រុស អាយុ៣០ឆ្នាំ រួមដំណើរជាមួយប្រពន្ធ មានទីលំនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនរងគ្រោះទាំង២នាក់រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ របួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ រីឯ ជនរងគ្រោះ២នាក់ ប្តីប្រពន្ធ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅពេទ្យដោយខ្លួនឯង ។ ដោយឡែក សម្ភារៈ ម៉ូតូ២គ្រឿង ខូចខ្ទេចស្ទើទាំងស្រុង និង រថយន្ត២គ្រឿង សមត្ថកិច្ចជំនាញ ចុះទៅវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញជាបណ្តោះអសន្ន រងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖