ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផ្ទះសង្សារត្រូវចោរវាយប្លន់ម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូហុងដាឌ្រីមសង់ ចេញពីដេកផ្ទះសង្សារ បំណងទៅបន្ទប់ជួលខ្លួនវិញ ក៏ត្រូវជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មកវាយប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខម៉ាស្ទ័រ ស៊ុបគីស៊ុប តាមបណ្តោយផ្លូវលេខ៩៥ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រុន រត្ននី ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរបុគ្គលិកម៉ាស្ទ័រស៊ុបគីស៊ុប ស្នាក់នៅស្ទឹងមានជ័យ ជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D 3069. ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូទើបនឹងចេញពីបន្ទប់ជួលសង្សារ ដែលនៅក្បែរកន្លែងកើតហេតុដែរ បំណងទៅបន្ទប់ជួលខ្លួននៅម្តុំស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខ មកពីក្រោយហើយបានជិះមកស្ទាក់មុខរួចស្ទុះមកវាយរួបគាត់ធ្វើឲ្យគាត់ភ័យរត់ចោលម៉ូតូត្រូវបានជនសង្ស័យលើកជិះទៅបាត់។

ក្រោយពេលកើតហេតុរយះពេលយ៉ាងយូរនៅមិនទាន់ឃើញសមត្ថកិច្ចមូលដ្ឋានមកកន្លែងកើតហេតុទើបអ្នកសាព័ត៌មានដឹកជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹកកេងកងទី៣ ដើម្បីដាក់ពាក្យបណ្តឹង ៕ សុខាសែនជ័យ


ចែករំលែក៖