ព័ត៌មានទាន់ហេតុការណ៍៖

យូរី តំណាងឲ្យសិល្បករកម្ពុជាចេញទៅច្រៀងនៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី បានចាកចេញពីកម្ពុជាហើយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីនាងត្រូវបានជ្រើសរើស តំណាងឲ្យសិល្បករកម្ពុជា ចេញទៅច្រៀងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន-អាស៊ានលើកទី១៥ ដែលត្រូវបានរៀបចំឡើងនៅក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋ ប្រជាមានិតចិន ។

តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍រំភើបរីករាយ ក្រោយពីនាងទទួលបានឱកាស ចេញទៅច្រៀងតំណាងឲ្យកម្ពុជា នៅលើទឹកដីនៃប្រទេសចិនជាលើកដំបូងនេះ ។ តារារូបនេះ បានបញ្ជាក់ថា នាងបានត្រៀមរួចជាស្រេច ដើម្បីចូលរួមច្រៀងទាំងបទចម្រៀងជាតិផ្ទាល់ខ្លួន និងបទចម្រៀងច្រៀងរួម ដែលអ្នកផលិតកម្មវិធីបានផ្តល់ឲ្យ ។

នាងបន្តថា មុនពេលចាកចេញ នាងបានហ្វឹកហាត់ច្រៀងបទចម្រៀងផ្ទាល់ខ្លួន និងបទចម្រៀងថ្មី ដែលកម្មវិធីផ្តល់ឲ្យដើម្បីឲ្យប្រាកដថានឹងអាចធ្វើបានល្អនៅពេលច្រៀងរាំនៅលើឆាកអន្តរជាតិ និងតំណាងឲ្យជាតិ ជាមួយនឹងការត្រៀមរួចជាស្រេចនូវសម្លៀកបំពាក់ទាំងសម័យ និងប្រពៃណី ។

នាងថាព្រឹត្តិការណ៍ពិព័រណ៍ដ៏អស្ចារ្យ និងកម្មវិធីសិល្បៈមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងចិននេះ ក៏នឹងមានការផ្សាយបន្តផ្ទាល់ ពីទូរទស្សន៍Nice TV ផងដែរ ដែលនាងរំពឹងថា ប្រជាពលរដ្ឋខ្មែរ នឹងបានទស្សនាដោយផ្ទាល់ និងបង្ហាញពីអារម្មណ៍មោទភាពស្របពេល ដែលកម្ពុជាក្លាយជាប្រទេស ដែលជាប្រធានបទសំខាន់សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះផងដែរ ។ យើងទាំងអស់គ្នាមានកិត្តិយស និងមោទនភាពចំពោះប្រទេសកម្ពុជា ដែលបានក្លាយជាប្រធានបទសំខាន់ក្នុងពិព័រណ៍នេះ(country of honor for the 15th CAEXPO)នេះជាការបង្ហាញពីវឌ្ឍនភាព និងសមិទ្ធិផលសំខាន់ៗរបស់កម្ពុជានៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិមួយនេះ ។

គួរបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន-អាស៊ានលើកទី១៥ នឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងណាននីងខេត្តក្វាងស៊ី ។ កម្ពុជាមានកិត្តិយសនឹងក្លាយជាប្រទេសប្រធានបទចម្បងមួយ(country of honor for the 15th CAEXPO)នៃការពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន-អាស៊ានលើកទី១៥ ។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអតិបតីចូលរួមក្នុងព្រឹត្តិការណ៍សំខាន់នេះផងដែរ៕ ដោយ វឌ្ឍនា


ចែករំលែក៖