ខេត្តកំពង់ធំៈ លោក ម៉ាត់ ហៀត ជនជាតិខ្មែរឥស្លាមជាអ្នកប្រកបមុខរបរបរ ផលិតកាំបិត ពូថៅ ញញួរ ចប់ និងខ្វែវ ព្រមទាំងជួសជុលគ្រឿងដែកផ្សេងទៀត ស្ថិតនៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោកបានឲ្យដឹងថា ក្រុមគ្រួសារ និងសាច់ញាតិរបស់លោកបានចាប់យកអាជីព មួយនេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ ហើយរយៈពេល៣០ឆ្នាំកន្លងមកនេះ គឺ គឺក្រុមគ្រួសារគាត់ និងអ្នកជីតខាងបានប្រើកម្លាំងមនុស្សចាប់ពី៣នាក់ ទៅ៤នាក់ ទើបអាចដំដែកថែប និងដែកជន្ទៀសបាន ហើយផលិតកាំបិត ពូថៅ ចប និងខ្វែវ បានត្រឹមតែ៦ទៅ៨ប៉ុណ្ណោះ តែមកដល់ឆ្នាំ២០១៨នេះ គាត់បានរកឃើញបច្ចេកទេសថ្មី ដោយទិញគ្រឿងម៉ាស៊ីន អស់តម្លៃជាង៣ពាន់ដុល្លារ មកដំ និងផលិតជំនួសកម្លាំងមនុស្សវិញ ពីព្រោះការងាកមកប្រើដោយម៉ាស៊ីននេះវាលឿនជាង ការផលិតដោយកម្លាំងមនុស្ស ហើយអាចផលិតកាំបិត ចប ពូថៅបានច្រើនជាងមុនទ្វេដង និងអាចរកប្រាក់ចំនេញបានជាមធ្យមចាប់ពី១២ម៉ឺនទៅ១៥ម៉ឺនរៀលក្នុង១ថ្ងៃ លោកបន្តថា សព្វថ្ងៃនេះ មានអតិថិជនបានចូលមកកម្មង់ទិញដុំ និងរាយ និងជួលជួសជុល ច្រុងថ្មីឡើងជារៀងរាល់ថ្ងៃ ស្ទើរតែររកពេលផលិតឲ្យគេមិនទាន់ផង។
លោកបញ្ជាក់ថា ជាងដំដែកផលិតកាំបិត ចប ពូថៅ និងខ្វែវ នៅក្នុងខេត្តកំពង់ធំ បែបទាន់សម័យនេះ ទើបតែមានចំនួន២ទៅ៣កន្លែងប៉ុណ្ណោះ ក្រៅពីនេះ នៅបន្តផលិតដោយកម្លាំងមនុស្សដដែល ដូចជាបងប្អូនខ្មែរឥស្លាម ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយ ខេត្តកំពង់ធំ។
លោក ម៉ាត់ ហៀត បានបន្ថែមថា អាជីវកម្មផលិត កាំបិត ចប ពូថៅ និងខ្វែវ បច្ចុប្បន្នកំពុងតែវិវត្តន៏ជ្រើសរើស យកដែកជន្ទៀសមកផលិត ទាំងស្រុង ពីព្រោះដែកជន្ទៀស រឹងមាំ ជាងដែកថែប មុតជាង ងាយស្រួលដល់អ្នកយកទៅប្រើប្រាស់ ហើយលក់ក្នុងតម្លៃសមរម្យ កាំបិតវែង១តម្លៃ ពី៥ទៅ៦ម៉ឺនរៀល ចំណែកពូថៅ និងកាំបិតខ្លី តម្លែ៣៥០០០រៀលទៅ៤០០០០រៀល។
ហើយក្រៅពីការផលិតកាំបិតពូថៅចប និងខ្វែវ ខាងលើនេះ លោកក៏មានការទទួលបង្ហាត់បង្រៀនសិស្សតាមបែបទាន់សម័យនេះផងដែរ មានទីតាំងផ្លូវចូលភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៕ ប៊ុនរិទ្ធី