ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល​ប៉ុស្តិ៍វាលវង់ ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ប៉ុនប៉ុងជះទឹកអាស៊ីដ ទៅលើប្រពន្ធចុង

ចែករំលែក៖

ភ្នំពេញៈ បុរសជនជាតិវៀតណាមម្នាក់ ខណៈ​អង្គុយលើម៉ូតូ ចាំប៉ុនប៉ុងជះទឹកអាស៊ីដ ទៅលើប្រពន្ធចុង ជាលើកទី២ ត្រូវបានសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍វាលវង់ ចាប់​វាយខ្នោះ​ បន្ទាប់ពីជនរងគ្រោះបាន រាយការណ៍​ប្រាប់សមត្ថកិច្ចផងដែរ​ ហើយក៏បានឆែកឆេរ ឃើញមានទឹកអាស៊ីដក្នុងកែវជ័រមួយ ទុកនៅលើម៉ូតូទៀត។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៖៣០នាទីយប់​រំលងអធ្រាត្រ​ ឈានចូលថ្ងៃ​១៩ ខែកញ្ញា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចជិត​ខារ៉ាអូខេ​ “យេស” ផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

នារីរងគ្រោះមាន ឈ្មោះ គឺ ពិសី អាយុ២៣ឆ្នាំ មុខរបរ​ធ្វើការ​ខារ៉ាអូខេ​ មានទីលំនៅ​ក្នុងរាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យ ឈ្មោះ​ ជាម ជិនហុង អាយុ៥១ឆ្នាំ ជនជាតិ​វៀតណាម​ មានទីលំនៅ​ក្នុងរាជធានីភ្នំពេញ​។

នារីរងគ្រោះ បានប្រាប់ ឲ្យដឹង​ថា ​រូបគេទាំងពីរនាក់ជាប្ដីប្រពន្ធនឹងគ្នា តែមិនបាន​ចុះ​អេតាស៊ីវិលតាមច្បាប់ទេ ដោយបានសែនព្រេង រួមរស់ជាមួយគ្នា តែ​មិនចុះ​សម្រុងគ្នា ដោយបុរសជាប្ដីតែងតែប្រើអំពើហិង្សាទៅលើនាងជាច្រើនលើកច្រើនសារពេក ទើបនាងទ្រាំមិនបាន ក៏សម្រេច​ចិត្តលែងលះគ្នា​ ជាង១ឆ្នាំហើយ។

នារីរងគ្រោះ បានបន្តទៀតថា កាលពីវេលាម៉ោង៧៖​៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ មានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1FQ-7840​ ឌុបគ្នា មកធ្វើសកម្មភាពជះទឹកអាស៊ីដ មកលើរូបនាង នៅក្បែរខារ៉ាអូខេ “យេស” តែចៃដន្យរូបនាងលោតគេចផុត ទឹកអាស៊ីដ​ក៏ខ្ទាតទៅ​ដំបូលកង់បីឥណ្ឌា បណ្ដាលឲ្យ​រលួយខ្ទេច ហើយជនសង្ស័យទាំង២នាក់នោះ ក៏បានជិះគេចខ្លួន ទើបរូបនាងបានយកទូរស័ព្ទថតបានពីចម្ងាយទុកដែរ ហើយ​រូបនាងមិនបានទៅដាក់ពាក្យបណ្ដឹងទេ​ រួចក៏ត្រឡប់ទៅផ្ទះបាត់។

លុះនៅវេលាថ្ងៃម៉ោង១៖៣០នាទី រំលងអធ្រាត្រ​ឈានចូលថ្ងៃ​១៩ ខែកញ្ញា​ ឆ្នាំ២០១៨នេះ មាននារីម្នាក់ ដែលជាមិត្តភក្តិរបស់នាង​ បានតេទូរស័ព្ទប្រាប់នាងថា ឃើញបុរសម្នាក់ ដែលជាប្ដីរបស់នាង មកអង្គុយចាំនៅលើម៉ូតូ​ងាកមើលឆ្វេងស្ដាំៗ នៅជិត​ខារ៉ាអូខេ​ “យេស” ដោយមានការសង្ស័យ​ ទើបប្រាប់នាងឲ្យ​ប្រុងប្រយ័ត្នផង​ ឮដូច្នេះរូបនាងក៏បានហៅទូរស័ព្ទទៅបងប្រុសរបស់នាង ឲ្យ​ជិះទៅមើល​ផង​ បន្ទាប់មកបងប្រុសរបស់នាងបានជិះទៅមើល ឃើញ​បុរសដែលជាប្ដីរបស់នាង កំពុងអង្គុយក្បែររទេះលក់សាច់គោអាំង ពិតប្រាកដ​មែន​ ទើបរូបនាងបាន​ហៅទូរស័ព្ទទៅលេខ ០១២​ ៩៩៩ ៩៩៩ ដែលជាលេខប្រចាំបញ្ជារបស់ស្នងការក្រុង រួចរាយការណ៍​ប្រាប់ពីដំណើររឿង មួយសន្ទុះក្រោយក៏ឃើញកម្លាំងល្បាតប៉ុស្តិ៍នគរបាលវាលវង់ បានចុះមកដល់​រួចធ្វើការសាកសួរ​ ហើយសុំឆែកឆេរ ឃើញមានដបទឹកអាស៊ីដ ទុកនៅលើម៉ូតូ របស់បុរសដែលជាប្ដីនោះ ទើបសមត្ថកិច្ចឃាត់ខ្លួន​វាយខ្នោះ យកទៅប៉ុស្តិ៍ ដើម្បីសាកសួរបន្តតែម្ដង។

ក្រោយពីរសមត្ថកិច្ចក៏បានសួរសាកសួរជនសង្ស័យ បានឆ្លើយថា​ ទឹកអាស៊ីដ​ដែលនៅលើម៉ូតូនោះ​ រូបគេបានទៅទិញនៅកន្លែងលក់អាគុយ បំណងយកមកគំរាមប្រពន្ធ ហើយសមត្ថកិច្ចក៏បានសួរទៀតថា​ តើកាល​ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ម៉ូតូរបស់ខ្លួន ម៉ាក ឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1FQ-7840​ បានឲ្យ​អ្នកណាខ្ចីជិះទេ? ជនសង្ស័យបានឆ្លើយថា អត់ទេ។

រហូតមកដល់ ម៉ោង១១៖៣០នាទីយប់​ ថ្ងៃទី១៨​ ខែកញ្ញា​ ២០១៨​ ជនសង្ស័យបានជិះម៉ូតូខាងលើចេញពីផ្ទះសំណាក់ Lucky មកចំណុចខារ៉ាអូខេ “យេស” ដើម្បីតាមដានប្រពន្ធខ្ញុំ (ជនរងគ្រោះ​) ដោយបាន​ដាក់ទឹកអាស៊ីដ​ ក្នុងកែវជ័រ ដាក់តាមម៉ូតូ លុះពេលមកដល់​ រូបគេបានអង្គុយផឹកស្រាបៀរ​អស់២-៣កំប៉ុង រហូតដល់ម៉ោង១:៣០នាទី ឈានចូលថ្ងៃទី​១៩ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ស្រាប់តែបងប្រុសរបស់ជនរងគ្រោះ និងសមត្ថកិច្ចចុះមកឃាត់ខ្លួន​ យកទៅប៉ុស្តិ៍តែម្ដង។

បច្ចុប្បន្ន​ជនសង្ស័យខាងលើរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​ និង ​បានបញ្ជូនទៅ​អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបញ្ជូនសំណុំ​រឿង​ចាត់ការ​តាមនីតិវិធី៕ ស រស្មី


ចែករំលែក៖