ភ្នំពេញ៖ លោកចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនអតីតចៅអធិការវត្ត កំពង់ក្តុល ខណ្ឌដង្កោ ទៅមណ្ឌលបន្សាបគ្រឿងញៀន ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀនខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨បានបញ្ជូនខ្លួនអតីតព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ក្រោយពីបែកធ្លាយរឿងលួចលាក់ មានស្នេហា ជាមួយស្រីម្នាក់ រហូតមានកូន ត្រូវបានផ្សឹក និងបណ្តេញចេញពីវត្ត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពីពិនិត្យទឹកនោមឃើញមានសារធាតុញៀន។
នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបាន ដាក់គ្នា តាមដានតាំងពីព្រលប់រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញ ក៏ឃើញព្រះសង្ឃ អង្គនេះ ជិះម៉ូតូឌុបគ្នាជាមួយស្រីកំណាន់ចិត្តចេញ ពីផ្ទះឆ្ពោះមកកាន់វត្តកំពង់ក្តុលវិញ ស្របពេលនោះ ប្រជាពលរដ្ឋ បាននាំគ្នាចាប់ព្រះសង្ឃ មាជ សុវណ្ណ និងស្រីកំណាន់ចិត្តប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋតាមដានទាន់ និងមានភ័ស្តតាង ជាក់ស្តែង ចំពោះទង្វើប្រាស់ចាកពីធម៌ព្រះពុទ្ធរបស់ព្រះតេជគុន មាជ សុវណ្ណ សមត្ថកិច្ចសម្រេច ឃាត់ខ្លួនប្រគល់ឲ្យអនុគណនិងមន្ត្រីធម្មការខណ្ឌដង្កោ បន្តនីតិវិធីទៅតាមច្បាប់ វិន័យព្រះពុទ្ធសាសនា ។
សមត្ថកិច្ចបន្តទៀតថា ជុំវិញ ករណីខាងលើនេះ ព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ បានមានសង្ឃដីកាសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្ត ទង្វើ បែបនេះមែន ហើយព្រះអង្គក៏សុំទោស ដល់ពុទ្ធបរិស័ទទាំងអស់ ដោយព្រះអង្គសម្រេចសឹកលាចាកសិក្ខាបទពីព្រះពុទ្ធសាសនា ទៅរស់នៅធម្មតាដូចពលរដ្ឋទូទៅវិញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាក់ទៀតថា ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែសម្រេចឃាត់ខ្លួនបុគ្គល មាជ សុវណ្ណ នេះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់ ក្រោយ ពីពិនិត្យឃើញថា បុគ្គលនេះពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៕ចេស្តា