ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តដីកាឃាត់ខ្លួនជាងជួសជុលរថយន្តពីបទហិង្សាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញមន្ទីរយុត្ធិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍ ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជាងជួសជុលរថយន្តម្នាក់ ជាប់ចោទពីបទហិង្សាដោយមានស្ថានទម្ងន់ទោស របស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្ត ។

ប្រតិបត្តិការចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជាងជួសជុលរថយន្តខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យត្រូវបាននាំខ្លួនតាមដីកាឈ្មោះ លឹម តៅឈាង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរជាងជួសជុលរថយន្ត។

ប្រភពព័ត៌មានខាងលើបន្តថា ការដែលនាំខ្លួននេះ គឺអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៨០ដខ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ជាប់ចោទពីបទ៖ ហិង្សាដោយមានស្ថានទម្ងន់ទោស។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យនាំយកមកបំពេញនីតិវិធីខ្លះៗ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ហើយជនត្រូវចោទក៏បានបញ្ជូនខ្លួនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ហើយដែរ ៕ ប៉ឹម ពិន


ចែករំលែក៖