ប្រជាសហគមន៍ការពារព្រៃឈើឃុំងន ឃុំដងកាំបិត ឃុំមានរិទ្ធ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា ព្រៃឡង់នៅក្នុងមូលដ្ឋានពួកគាត់កំពុងរងការបំផ្លាញយ៉ាងខ្លាំងក្លា ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបប្រកបដោយប្រសិទ្ធភាពនោះទេ។ ប្រជាសហគមន៍ការពារព្រៃឡង់ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអំពាវនាវឲ្យអាជ្ញាធរខេត្តកំពង់ធំ ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឡង់ជាបន្ទាន់ព្រោះមួយរយៈចុងក្រោយនេះព្រៃឡង់រងការបំផ្លាញកាន់តែខ្លាំង។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំទំរីង ស្រុកសណ្ដាន់ បានឲ្យដឹងថា ព្រៃឡង់ក្នុងមូលដ្ឋានពួកគាត់នៅតែប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនជាអ្នកនៅពីក្រោយបទល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍។ បើតាមការបង្ហើបពីសំណាក់មន្ត្រីរាជការនៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ធំ មួយចំនួនបានឲ្យដឹងថា ការដែលមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំតំបន់ព្រៃឡង់ ស្រុកសណ្ដាន់ ហ៊ានឃុបឃិតឲ្យឈ្មួញនិងក្រុមជនល្មើសកាប់ឈើតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់ លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ផងដែរទើបអ្វីៗអាចដំណើរការយ៉ាងរលូន។
តាមការកត់សម្គាល់របស់ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា កន្លងមកមន្ត្រីបរិស្ថាន ក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែពលរដ្ឋដែលដឹកឈើតាមរទេះគោក្របីឬដឹកអុសតាមគោយន្តដើម្បីយកស្នាដៃបង្ហាញថ្នាក់លើរបស់ពួកគេ។ ចំណែកឈ្មួញដែលដឹកជញ្ជូនឈើតាមរថយន្តធំៗចេញពីតំបន់ព្រៃឡង់យ៉ាងអនាធិបតេយ្យដែលមានទាំងសាច់ញាតិ សមត្ថកិច្ចក្នុងស្រុកសណ្ដាន់ ផងនោះមិនដែលប្រឈមនឹងការបង្ក្រាបម្ដងណាឡើយ ហើយពួកគេអាចដឹកជញ្ជូនឈើចូលទៅខេត្តកំពង់ចាម និងខេត្តមួយចំនួនទៀតយ៉ាងរលូន។
ប្រជាពលរដ្ឋបានរិះគន់ថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ គ្មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឡង់នោះទេ ហើយកំពុងបណ្ដោយឲ្យបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តកំពង់ធំ រាលដាលកាន់តែខ្លាំងថែមទៀត៕