ការធ្វើដំណើរពីទីក្រុងប៉េកាំងមកកាន់កោះហុងកុង ឬពីហុងកុងទៅកាន់ទីក្រុង ប៉េកាំង អាចចំណាយពេលតែពីរម៉ោង ប៉ុណ្ណោះជាមួយខ្សែរថភ្លើងល្បឿលឿន និងស្ថានីយរថភ្លើងថ្មីទំនើប អាចទទួលអ្នកដំណើរបានដល់ទៅ២សែននាក់ក្នុងមួយថ្ងៃ។
ផ្លូវរថភ្លើងល្បឿនលឿននេះ ជាគម្រោងសាងសង់ដែលផ្តួចផ្តើមឡើងតាំងពីឆ្នាំ ២០០៨ ដោយចំណាយថវិកាអស់ប្រមាណ៤ពាន់លានអឺរ៉ូ។ អ្នកដំណើរដំបូងៗបានសម្តែងការរីករាយចំពោះខ្សែរថភ្លើងថ្មី ដែលអនុញ្ញាតឱ្យពួកគេផ្លាស់ទីពីក្រុងដែនកោះ ទៅក្រុងដែនគោកក្នុងរយៈពេលតែពីរម៉ោងទល់នឹងបីម៉ោងកន្លះ បើប្រៀបទៅ នឹងមធ្យោបាយចាស់។
ប៉ុន្តែគម្រោងនេះ មានភាពចម្រូង ចម្រាសខ្លាំង នៅពេលចាប់ដំណើរការដោយការបញ្ឈរការិយាល័យត្រួតពិនិត្យពន្ធគយ និងព្រំដែន នៅប្រមាណពីរបីម៉ែត្រពី ស្ថានីយ ដែលបង្កបង្កើតឱ្យមានគំនិតគិត ដល់ការវាតទឹកដី។ ពីព្រោះរដ្ឋាភិបាល ហុងកុង សុខចិត្តចែករំលែកទីស្នាក់ការ របស់ខ្លួនកណ្តាលក្រុងទៅឱ្យអាជ្ញាធរចិនគ្រប់គ្រងជាតំបន់ពិសេស ស្ថិតក្រោមអធិបតេយ្យភាពទីក្រុងប៉េកាំង។ ភ្នាក់ងារសន្តិ សុខចិន ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ពិសេសនៃស្ថានីយ។
សម្រាប់បក្សប្រឆាំងនិងអ្នកវិភាគ នេះជាចំណែកមួយនៃយុទ្ធសាស្ត្រនយោបាយដ៏ស្មុគស្មាញរបស់ចិន ដែលចង់ត្រួតត្រា និងកម្រិតសេរីភាពហុងកុង តាមរយៈរដ្ឋាភិបាលហុងកុងដែលគាំទ្រទីក្រុងប៉េកាំង ឬដោយផ្ទាល់តែម្តង។ តាំងពីឆ្នាំមុនមក ចិនបានសម្រុកខ្លាំងគួរឱ្យព្រួយបារម្ភ ខ្លាច តែទម្រង់កិច្ចព្រមព្រៀងចិន-អង់គ្លេស “ប្រទេសមួយប្រព័ន្ធដឹកនាំពីរ” មិនអាច ធន់បានយូរ។
ចេញផុតពីអាណានិគមអង់គ្លេសនៅឆ្នាំ១៩៩៧ ហុងកុងបានប្រគល់មកឱ្យចិន តែរក្សាប្រព័ន្ធដឹកនាំ និងច្បាប់ដាច់ដោយ ឡែក ខុសពីចិនដីគោក។ ប៉ុន្តែជាមួយនឹងការបង្កើតស្ថានីយរថភ្លើងថ្មី អ្នកវិភាគ យល់ថា ការសាកល្បងបិទខ្ទប់សេរីភាព អាចនឹងមានឥទ្ធិពលកាន់តែច្បាស់ ជា ពិសេសសេរីភាពនៃការបញ្ចេញមតិ ព្រោះ ដោយជាក់ស្តែង កាសែត និងសៀវភៅ ដែលដាក់លក់នៅក្នុងស្ថានីយ៍ មានម្រិតមិនដូចនៅកន្លែងនៃទីក្រុងហុងកុងឡើយ៕ ម៉ែវ សាធី