ខេត្តកំពង់ស្ពឺ៖ ជនដៃដល់ម្នាក់ បានបង្កជម្លោះជាមួយបុរសម្នាក់ទៀតក្នុងវង់ផឹកស៊ី តែធ្វើអីគេមិនបាន ក៏រត់មកផ្ទះឃើញស្ត្រីជាប្រពន្ធគូទំនាស់ នៅម្នាក់ឯង បានស្រាយគំនុំប្រើហិង្សាវាយតប់យ៉ាងចាស់ដៃ រហូតស្ត្រីរងគ្រោះ របួសធ្ងន់ រួចគេចខ្លួនបាន១ថ្ងៃ ទើបសមត្ថកិច្ច តាមចាប់បានចាត់កាត់ការតាមច្បាប់ ។
ករណីបង្ករបួសស្នាមលើប្រពន្ឋគេនេះ បានកើតឡើងតាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ តែឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែកញ្ញា ដែលស្ថិតក្នុងភូមិស្រុកព្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ កន សុខនីម ភេទប្រុស អាយុ១៩ឆ្នាំ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះជិន ស្រីម៉ៅ អាយុ២៣ឆ្នាំ ។ ពួកគេទាំង២នាក់រស់នៅភូមិកើតហេតុខាងលើជាមួយគ្នា ។
ប្រភពព័ត៌មានពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នៅម៉ោងប្រមាណ៨ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះ កំពុងនៅក្នុងផ្ទះបាយតែម្នាក់ឯង ស្រាប់តែជនសង្ស័យ ចូលមកដល់គ្មានសួរនាំអ្វី១ម៉ាត់សោះ បានស្ទុះវាយស្ត្រីរងគ្រោះជាច្រើនដៃ និងច្របាច់កប៉ុនប៉ងសម្លាប់ តែមានអ្នកជិតខាង រត់មកជួយ ទើបជនសង្ស័យ រត់គេចខ្លួន ។
ប្រភពដដែលបន្តថា ដោយសារស្ត្រីរងគ្រោះ មានរបួសធ្ងន់ ក្រុមគ្រួសារ ក៏ប្រញាប់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្លាមៗ រួចបានប្តឹងសមត្ថកិច្ចតាមក្រោយ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងរួច សមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៤ ខែកញ្ញា យកមកសាកសួរ ។ នៅមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា មុនឈានដល់ប្រើហិង្សាលើស្ត្រីរងគ្រោះ គេ និងប្តីស្រ្តីរងគ្រោះឈ្មោះ ថន បានផឹកស៊ីជាមួយគ្នាហើយ បានបង្កជម្លោះពាក្យសម្តី តែដោយសារខឹងវាយប្តីមិនបាន ក៏មកផ្ទះឃើញស្ត្រីរងគ្រោះ នៅផ្ទះតែម្នាក់ឯង ក៏ស្ទុះវាយស្រាយគំនុំតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ