ខេត្តព្រះសីហនុ៖ ចោរមួយក្រុមបានលបលួចគាស់ជញ្ជាំងផ្ទះ និងទ្វារដែក ហើយគាស់ទ្វារទូដែក លួចយកទ្រព្យសម្បត្តិមានតម្លៃអស់យ៉ាងច្រើនមុនពេលពួកគេបានរត់គេចខ្លួនបាត់ ។ ករណីចោរកម្មនេះ បានកើតឡើងក្នុងខណៈម្ចាស់ចេញទៅធ្វើការបាត់ ។
សកម្មភាពចោរគាស់ផ្ទះនេះ អាចកើតមានឡើងនៅចន្លោះម៉ោង ១៣ និង៣០នាទី ដល់ ម៉ោង ១៤ និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវាលមាស ឃុំ វាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ម្ចាស់ផ្ទះមានឈ្មោះហេ តៃហៃ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបុគ្គលិកធនាគារ អេស៊ីលីដា និងប្រពន្ធឈ្មោះ មាស គន្ធា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់មាស នៅផ្សារវាលរេញ ។
ទ្រព្យសម្បត្តិដែលបាត់បង់មានៈ មាស ចំនួន ៤០ ដំឡឹង, ផ្លាកទីន ចំនួន ២០ ដំឡឹង, ប្រាក់រៀលចំនួន ១០ លានជាង និងប្រាក់ដុល្លារចំនួន ៣ ០០០ ដុល្លារ (តាមការផ្តល់ចម្លើយពីម្ចាស់ផ្ទះ) ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ៕ ឆ្លាម ដមុទ្រ