ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូតាមផ្លូវ និងមេឃរៀងងងឹតផង ស្រាប់តែមានរថយន្ដកុងទ័រន័រ បើកមកបុកពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់នៅ និងកន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង៨ និង ២០នាទីយប់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមនៅបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ទូច សុខហៀង (ស្លាប់) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅម្ដុំផ្ទះជួល ក្រុងតាខ្មៅ ខេត្ដកណ្ដាល មានស្រុកកំណើត ភូមិស្នែង ឃុំត្រពាំងពារ ស្រុកបសែត ខេត្ដកំពង់ស្ពឺ ។
យោងតាមប្រភពព៌ត័មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងឃើញហេតុការណ៍ខាងលើនេះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម សង់ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពងស្ពឺ 1L-7130 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ដកុងទ័រន័រពណ៌ផ្កាឈូក លាយស ពាក់ស្លាកលេខ សៀមរាប 3A-2277 ចំណែកខាងក្រោយរថយន្តពាក់ស្លាកលេខ ព្រះសីហនុ 4A-2716 បានធ្វើដំណើរពីទិសដៅពីកើតទៅលិច បញ្ច្រាសទិសគ្នាជាមួយម៉ូតូជនរងគ្រោះ ហើយក៏បានបុកជាមួយម៉ូតូជនរងគ្រោះ ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅ នឹងកន្លែង កើតហេតុ ចំណែកឯម៉ូតូវិញ ជាប់ក្រោមរថយន្ដអូសជាង២០ម៉ែត្រ ឯតៃកុងរថយន្ដកុងទ័រន័របានឈប់រថយន្ត រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ដនៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងរថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ។ ចំណែកសពជនរងគ្រោះខាងលើ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់រៀបចំដឹកយកទៅស្រុកកំណើតដើម្បីឲ្យសាច់ញិាតចាត់ចែងធ្វើបុយ្យទៅតាមប្រពៃណី៕ ភារ៉ា ដង្កោ