ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកស្វាយលើ ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកជីក្រែង មិនចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ ។ ផ្ទុយទៅវិញលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ព្រមទាំងមន្ត្រីក្រោមឱវាទគិតតែប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ម៉ុង ប៊ុនលីម និងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដែលល្បីល្បាញខាងពុករលួយ ។
តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា កន្លងមកការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តសៀមរាប ភាគច្រើនជាចំណាត់ការរបស់សមត្ថកិច្ចនគរបាលនិងសមត្ថកិច្ច កងកម្លាំងកងរាជអាវុធហត្ថ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើមិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នោះទេ ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម បានចាត់វិធានការរថយន្តសាំយ៉ុង ដឹកឈើខុសច្បាប់១គ្រឿងនៅចំណុចផ្សារសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានរកឃើញឈើផ្ចឹកកែច្នៃរួចជាច្រើនសន្លឹក ដែលមានទាំងគ្រោងទ្វារនិងគ្រោងបង្អួចផងដែរ ដោយរថយន្តនោះដឹកឈើកែច្នៃរួចពីស្រុកឆែប ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តសៀមរាប ចូលទៅខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្នលោក ទា គឹមសុទ្ធ និងលោក ម៉ុង ប៊ុនលីម មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ ហើយភាគច្រើនគឺសមត្ថកិច្ចនគរបាល និងសមត្ថកិច្ចអាវុធហត្ថជាអ្នកបង្ក្រាបបទល្មើសព្រៃឈើជំនួសមន្ត្រីរដ្ឋបាលព្រៃឈើទៅវិញ ។ ប្រភពខ្លះបានលើកឡើងថា លោក ទា គឹមសុទ្ធ និងលោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញដឹកជញ្ជូនឈើតាមរថយន្តធុនធំចូលមកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប ឬដឹកជញ្ជូនឈើឆ្លងកាត់ខេត្តសៀមរាប ត្រូវមានទំនាក់ទំនងជាមួយលោក ទា គឹមសុទ្ធ និងលោក ម៉ុង ប៊ុនលីម ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន៕