ភ្នំពេញ៖ តារាចម្រៀង និងសម្តែងស្ម័គ្រចិត្តជាច្រើនរូបនឹង បង្ហាញវត្តមាននៅតាមបណ្តារោងចក្រជាច្រើននៅជាយរាជធានីភ្នំពេញ ប្រយោជន៍ផ្តល់ការកម្សាន្ត ច្រៀងរាំសប្បាយ រួមទាំងជំរុញលើកកម្ពស់ការថែរក្សាសុខភាពផ្ទាល់ខ្លួនដល់កម្មករកម្មការិនីរោងចក្រនោះ ។
សិល្បករដែលបានត្រៀមខ្លួនរួចជាស្រេចមានដូចជា លោក ប៉ែន សារ៉ាវ លោក ជួន អមរឹទ្ធ លោក អ៊ុំ សុវណ្ណគិរី លោក អ៊ុង សុវណ្ណារឹទ្ធ កញ្ញា សុខ មុនីរក្សា កញ្ញា អោក សុម៉ាដាលីស កញ្ញា ណាតាហ្សា កញ្ញា ហ្វារីដា កញ្ញា ម៉ូលីកាជាដើម ។ ពួកគេនឹងរួមគ្នាច្រៀងបទចម្រៀងសម័យ ពិសេសបទចម្រៀងប្រពៃណីដើម្បីអបអររាំលេងកម្សាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។ នេះបើតាមការបញ្ជាក់របស់លោក យ៉េប រ៉ូហ្វាត អ្នកផលិត និងដឹកនាំកម្មវិធីសិល្បៈកម្សាន្តនៃអង្គការរ៉ាក់ ។
លោកថា សិល្បករទាំងអស់បានស្ម័គ្រចិត្តចូលរួមសកម្មភាពសង្គមដោយផ្តល់ការកម្សាន្ត និងបញ្ជ្រាបនូវខ្លឹមសារអប់រំសុខភាពទូទៅតាមរយៈការអប់រំផ្សព្វផ្សាយរបស់អង្គការជាច្រើនលើកច្រើនសារមកហើយ ។
លោកថា នេះគឺជាទឹកចិត្តដ៏ល្អមិនអាចកាត់ថ្លៃបានសម្រាប់សិល្បករទាំងអស់ដែលលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការទាំងនេះ ។
លោកថា សិល្បករទាំងអស់នឹងបង្ហាញមុខនៅរោងចក្រមិនតិចជាង២០នោះទេ នៅតាមតំបន់ជាយរាជធានីភ្នំពេញ ដែលពួកគាត់បានត្រៀមបទចម្រៀង ក្បាច់រាំ សម្លៀកបំពាក់បែបប្រពៃណីផងដែរដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌនេះ ។ ក្រៅពីសិល្បករ កម្មករកម្មការិនីរោងចក្រទាំងអស់នឹងបានជួបដោយផ្ទាល់ជាមួយសិល្បករ ការរាំលេងកម្សាន្ត ការថតរូបជាមួយសិល្បករ ការឆ្លើយសំណួរដើម្បីទទួលបាន
វត្ថុអនុស្សាវរីយ៍ពីក្រុមការងារអង្គការ និងបាន យល់កាន់តែច្បាស់ពីអនាម័យ និងសុខភាពដែលក្រុមការងារបានផ្សព្វផ្សាយ ។
លោករំពឹងថា សកម្មភាពការងារសង្គមនេះ នឹងបង្កើនភាពសប្បាយរីយរាយ ចែករំលែកចំណេះដឹងកាន់តែច្រើនទៅដល់មហាជន ពិសេសកម្មករកម្មការិនី មិនខុសពីឆ្នាំមុនៗទេ ៕ វឌ្ឍនា