មួយរយៈចុងក្រោយនេះទង្វើមិនប្រក្រតីនិងការពង្រឹងអំណាចតាមច្រើនរូបភាពរបស់ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ត្រូវបានមន្ត្រីសាលាខេត្តនេះ មួយចំនួនលាត ត្រដាងជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានដឹងឮហើយចាត់វិធានការទប់ស្កាត់ជាបន្ទាន់ផងដែរ។ ជាពិសេសចាប់តាំងពីលោក សុខ លូ អភិបាល ខេត្តកំពង់ធំ ប្រើពាក្យអសុរោះចារលើរបាយការណ៍របស់លោក ធីវ វណ្ណធីរប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ បានធ្វើឲ្យមជ្ឈដ្ឋាននានារិះគន់លោក សុខ លូ កាន់ តែខ្លាំងឡើងៗ ។
ថ្មីៗនេះបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំកើតឡើងយ៉ាង រាលដាលហើយមិនឃើញលោក សុខ លូ ជាអភិបាលខេត្តចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីឲ្យស្របទៅតាមបទបញ្ជាលេខ០០១របស់ រាជរដ្ឋាភិបាលនោះទេ។ ជាក់ស្ដែងប្រជានេសាទនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ ស្វាយបានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងរាលដាលយ៉ាងពេញបន្ទុកដដែល ហើយមិនទាន់ឃើញលោក សុខ លូ អភិបាល ខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ចាត់វិធានការបង្ក្រាប ប្រកបដោយប្រសិទ្ធភាពនៅឡើយទេ។ ទន្ទឹមនឹងនេះប្រជានេសាទរស់នៅតំបន់បឹង ទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក៏បានឲ្យដឹងដែរថាបទ ល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំនៅតែកើតមានយ៉ាងពេញបន្ទុក ព្រោះកន្លងមកមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែបទល្មើសតូចតាចយកស្នាដៃបង្ហាញថ្នាក់លើប៉ុណ្ណោះ។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកសន្ទុក និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់ ព្រៃអង់តែន នៅតែកើតឡើងយ៉ាងគគ្រឹកគគ្រេងព្រោះគ្មានមន្ត្រីរដ្ឋ បាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនោះទេ។ ទន្ទឹមនឹងនេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំឃុបឃិតឲ្យឈ្មួញកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យ។ មជ្ឈដ្ឋាននានាបានលើក ឡើងថា លោក សុខ លូ កំពុងប្រើគ្រប់វិធីដើម្បីពង្រឹងអំណាចរបស់ខ្លួនឲ្យកាន់តែរឹងមាំ៕