ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចដេញប្រផាប់ប្រភីង ជាមួយជនរងគ្រោះ ចាប់បានភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាកអាយហ្វូនស៊ិចផ្លឹសពីជនរងគ្រោះបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ នៅចំណុចផ្លូវ១៨០០ ក្រុមទី៤ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានជនសង្ស័យ ២នាក់ បានជិះម៉ូតូ C125 ធ្វើសកម្មភាពឆក់ទូរស័ព្ទ បន្ទាប់មកជនរងគ្រោះ បានស្រែកឲ្យគេជួយ ចំពេលកម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ ដែលកំពុងល្បាតលើផ្លូវ បានឃើញក៏ជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ បាននៅចំណុចក្រោយគ្រាសសាំងតូតាល់ផ្លូវ ៥៩៨ ក្រុមទី២ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ជនសង្ស័យទី១ឈ្មោះ ហ៊ីម សុះ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចំការឱឡឹក សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរគ្មាន (គ្មានសារធាតុញៀន) និងជនសង្ស័យទី២ ឈ្មោះ ចាន់ រក្សា ហៅអាម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៨៧ ផ្លូវលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ (គ្មានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ ឡូញ មធូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងសាំងតេលា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំភូមិខ១ សង្កាត់ច្រាំងចំរេះទី២ (ដួលរងរបួសជើងស្តាំ សម្រាកនៅពេទ្យពន្លឺរស្មី)។
សម្ភារដកហូតបានរួមមាន៖ ម៉ូតូ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC- 6091 លេខម៉ាស៊ីន C125ME 9863490 និងទូរស័ព្ទរបស់ជនសង្ស័យ ១គ្រឿង ម៉ាក Nix ពណ៌មាស រួមទាំងទូរស័ព្ទរបស់ជនរងគ្រោះ ១គ្រឿងម៉ាកអាយហ្វូនស៊ិចផ្លឹស ពណ៌ទឹកប្រាក់ ត្រូវបានប្រគល់ជូនម្ចាស់វិញ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ អារុណរះ