ព័ត៌មានទាន់ហេតុការណ៍៖

ទូតចិនចប់អាណត្តិនៅកម្ពុជាអរគុណក្រសួងមហាផ្ទៃ ដែលបានបង្រ្កាបជនល្មើសជនជាតិចិនបានទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ៖ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ចប់អាណត្តិនៅកម្ពុជាបានថ្លែងអំណរអរគុណចំពោះសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានបង្រ្កាបជនល្មើស ដែលជាជនជាតិចិន បានទាន់ពេលវេលាក្រោយពីពួកជនជាតិចិនទាំងនោះ បានបង្កអនាធិបតេយ្យ ដែលជាកត្តាធ្វើឲ្យមានការព្រួយបារម្ភដល់ពលរដ្ឋខ្មែរនោះ ។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបពិ ភាក្សា និងជំរាបលាសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះនៅទីស្តីការក្រសួងមហាផ្ទៃ ។

លោក ស្យុង ប៉បានលើកឡើងថា អាជ្ញាធរកម្ពុជាបានជួយលើការងារសន្តិសុខដូចជាការបង្រ្កាបបទល្មើសផ្សេងៗរួមមានបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន និងការប្រព្រឹត្តអំពើបេស្យាចារ្យផ្សេងៗនៅក្នុងទឹកដីប្រទេសកម្ពុជាហើយរាល់ទង្វើរបស់ជនជាតិចិនទាំងនោះ បានធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ពលរដ្ឋកម្ពុជាទាំងមូល ។

លោកប៉ បានបន្តថា«មានជនល្មើសចិនមួយចំនួនបានឆ្លៀតឱកាសធ្វើសកម្មភាពបទល្មើសផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងទឹកចិត្តរបស់ពលរដ្ឋខ្មែរ» ។ តែយ៉ាងណាក្តីលោកបានអរគុណចំពោះក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ជួយបង្រ្កាប់នូវជនល្មើស ដែលបានប្រព្រឹត្តបទល្មើសទាំងនេះ ។

ជាមួយគ្នានោះដែរ លោកឯកអគ្គរដ្ឋទូតបានលើកឡើងទៀតថា កម្ពុជាគឺជាមិត្តដ៏ល្អជាមួយចិនលើគ្រប់វិស័យហើយការធានា នូវសន្តិសុខរឹងមាំនេះ គឺជាកិច្ចការមានសារៈសំខាន់បំផុត ដែលភាគីត្រូវបន្តមិនអាចអត់បាននោះឡើយ ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេងក៏បានសម្តែងការគាំទ្រដល់ការលើកឡើងរបស់លោក ស្យុង ប៉ទាក់ទងនឹងការប្រព្រឹត្តរបស់ជនជាតិចិនមួយចំនួនតួច និងសន្យាថានឹងខិតខំសហការគ្នាឲ្យកាន់តែខ្លាងក្លាបន្ថែមទៀត ក្នុងការបង្រ្កាបជនល្មើសទាំងនោះ ។

សម្តេចក្រឡាហោម ក៏បានថ្លែងអំណរអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន ដែលជំនួយទាំងនោះគឺផ្នែកបានជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលនេះ ៕ តាឡឹម


ចែករំលែក៖