ខេត្តកណ្ដាលៈ បុរសម្នាក់រងរបួសធ្ងន់ និងស្រ្ដីម្នាក់រងរបួសស្រាល ខណៈជិះម៉ូតូបុករថយន្ដមួយគ្រឿងបើកបត់ឆ្វេងឆ្លងផ្លូវដោយមិនប្រយ័ត្ន នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល វេលាម៉ោង៩ និង១០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ វ៉ាន់ អឿន ភេទប្រុស អាយុ៦០ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ អឿ សុភាព ភេទស្រី អាយុ៥២ឆ្នាំ (របួសស្រាល) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ។ ចំណែកឯរថយន្ដម៉ាកHYUNDAI ពណ៌សំបកឪឡឹក ប្រភេទរថយន្ដឈ្នួល ពាក់ស្លាកលេខ ភ្នំពេញ 2AH-9374 បើកបរដោយឈ្មោះជឹម សាមឿន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបររត់តាក់ស៊ី មានទីលំនៅភូមិអូរដា ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដខាងលើ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុរថយន្តខាងលើ បានបើកបត់ឆ្វេងឆ្លងផ្លូវបម្រុងចូលមន្ទីពេទ្យ (គ្លីនិកប្រាក់សំអន) ដោយពុំមើលមុខមើលក្រោយទេ ខណៈនោះក៏មានម៉ូតូមួយគ្រឿងជិះក្នុងទិសដៅពីកើតទៅលិច ឈប់មិនទាន់បានបុករថយន្ដចំពាក់កណ្ដាលទ្វារនៃរថយន្ដពេញមួយទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវទទួលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ ចំណែកឯអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបាននគរបាលជំនាញចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ