ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បានជំរុញឲ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈត្រូវ បន្ដចុះត្រួតពិនិត្យតាមចំណតរង់ចាំ ខ្សែរត់ឲ្យបានលឿន តាមតម្រូវការប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវ បន្ដចុះត្រួតពិនិត្យមើលរាល់ថ្ងៃ ទៅតាមចំណតរង់ចាំនានា ដើម្បីបង្កើនល្បឿន ម៉ោងរត់ របស់រថយន្តក្រុងឲ្យបានលឿន ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះយើងជាអ្នកបម្រើប្រជាពលរដ្ឋត្រូវតែធ្វើឲ្យបានល្អជូនប្រជាពលរដ្ឋ ។

លោក ឃួង ស្រេង បានជំរុញបែបនេះ ក្នុងពិធី សម្ពោធបើកដាក់ឲ្យប្រើប្រាស់សាកល្បងរថយន្តក្រុងចំនួន១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន លើតម្រាយផ្លូវរត់ថ្មី របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង នៅលើសួនច្បារទីលានប្រជាធិបតេយ្យថ្មី ខណ្ឌឫស្សីកែវ កាលពីថ្ងៃចន្ទ ៧រោច ខែបទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៨ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ មន្ត្រីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវចុះត្រួតពិនិត្យមើលលើបញ្ហាបច្ចេកទេសចំណតរង់ចាំ និងមើលពីសកម្មភាពរបស់ប្រជាពលរដ្ឋ អ្នកដំណើរ បើមានច្រើនត្រូវតែបន្ថែមខ្សែរត់ មិនមែនមានប៉ុន្មានធ្វើតែប៉ុណ្ណឹងនោះទេ ។ កិច្ចការងារនេះត្រូវតែប្រជុំ ដើម្បីពិភាក្សារកចំណុចកែលម្អឲ្យបានល្អប្រសើរឡើងមួយកម្រិតទៀត ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការបង្កើតឲ្យមានរថយន្តក្រុង គឺដើម្បីតាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ កាត់បន្ថយកកស្ទះ និងគ្រោះថ្នាក់ចរាចរ ដូច្នេះគ្រប់សកម្មភាព ត្រូវតែធ្វើឡើងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ហើយការងារនេះ ថ្ងៃក្រោយបើអាច យើងនឹងយករថយន្តក្រុងមួយចំនួនទៅធ្វើចរាចរណ៍ទៅតាមបណ្តាលខេត្ត ឬឆ្លងប្រទេសក្បែរៗខាងយើងផងដែរ ដើម្បីយកលុយមកទុបការខាតរបស់រថយន្តក្រុងនៅក្នុងក្រុង ។

លោកបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រទេសយើងមានតែបាតដៃទទេ តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍ លើគ្រប់វិស័យ និងធ្វើឲ្យកំណើតយានយន្តចេះតែកើនឡើង ធ្វើឲ្យមានការកកស្ទះចរាចរ ។

លោកបានបញ្ជាក់ថា៖ ការរិតបណ្តឹងចរាចរ គ្មានបំណងអ្វីទេ គឺដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើង ។ ដូច្នេះត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ។ មកដល់ពេលនេះ យើងមានរថយន្តក្រុងចំនួន២៣៥គ្រឿង និងទទួលបានការគាំទ្រពីប្រជាជនយ៉ាងច្រើន ដោយក្នុងមួយថ្ងៃមានបងប្អូនប្រជាពលរដ្ឋជិះរថយន្តក្រុងប្រមាណពី២ម៉ឺន ទៅ២ម៉ឺន១ពាន់ ដែលអាចកាត់កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរជាយ៉ាងច្រើនផងដែរ ។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យអ្នកបើកបររថយន្តក្រុងទាំងអស់ ត្រូវគោរពច្បាប់ចរាចរ មិនត្រូវបើកស្រេចតែចិត្តនោះទេ ត្រូវគិតថា អ្នកដំណើរជាមួយយើង សុទ្ធតែជាបងប្អូនរបស់យើង ។ យើងជាអ្នកបម្រើប្រជាពលរដ្ឋ ដូច្នេះត្រូវតែធ្វើឲ្យប្រជាពលរដ្ឋចូលចិត្ត និងស្រឡាញ់យើង ។ ការចតលើចំណតរថយន្តក្រុង អាជ្ញាធរដែនដីត្រូវសម្រួល និងទទួលធ្វើការងារនេះឲ្យបានល្អ ដោយសារ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ។

លោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបញ្ជាក់ឲ្យដឹងផងដែរថា ៖ ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ក៏ដូចជាការចូលរួមកាត់បន្ថយកកស្ទះ និងគ្រោះថ្នាក់ចរាចរ រដ្ឋបាលរាជធានីបាន បង្កើតឲ្យមានខ្សែរត់រថយន្តក្រុង ហើយមកដល់បច្ចុប្បន្ននេះ មានអ្នកទទួលសេវានៃការជិះរថយន្តក្រុងនេះ ក្នុងមួយថ្ងៃពី២ម៉ឺន ទៅ២ម៉ឺន១ពាន់ ដោយឃើញពីកំណើននេះ ទើបរដ្ឋបាលរាជធានីបន្ថែមខ្សែរត់ចំនួន៥ខ្សែទៀត ចំនួន៨០គ្រឿង ដែលជាជំនួយរបស់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨តទៅ ដោយកែសម្រួល និងបង្កើតថ្មី ដូចខាងក្រោមនេះ ក្នុងនោះ ទី១ គឺការសម្រួលខ្សែរត់ចាស់ ក្នុងនោះ៖

១-ខ្សែទី១ ដែលពីមុន រត់ចេញពីគីឡូម៉ែត្រ៩ ផ្លូវជាតិលេខ៥ ដល់ចំណតបឹងឈូក ផ្លូវជាតិលេខ១ ត្រូវបានកែសម្រួលជា២ វិញ៖ ខ្សែទី១ A ចេញពីផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ ផ្លូវព្រះមុនីវង្ស ស្ពានព្រះមុនីវង្ស ដល់ ចំណតច្បារអំពៅ ។ ខ្សែទី១ B ចេញពីចំណតច្បារអំពៅ តាមផ្លូវជាតិលេខ១ ទៅផ្សារគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

២ -ខ្សែទី២ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែនសុខ ដល់ក្រុងតាខ្មៅ ត្រូវបានកែសម្រួល ឲ្យរត់ចេញពីរង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ដល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។

៣- ខ្សែទី៤ ត្រូវបានកែសម្រួលបន្ថែមថ្មី ដោយក្នុងនោះខ្សែទី ៤B ត្រូវបានបន្លាយពីតំបន់សេដ្ឋកិច្ចពិសេស ឲ្យទៅដល់ទីក្រុងពាណិជ្ជកម្ម ចេង ឧូបាយី កម្ពុជា ចិន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ខ្សែទី៤C រត់ចេញពីចំណតសួនច្បារ ឫស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី ផ្លូវហ្សាលដឺហ្គោល ស្តូបនាង គង្ហីង ស្តុបអាងទឹកអូរឡាំពិក ផ្លូវមុនីរ៉េត ផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ច្រមុះជ្រូកស្ទឹងមានជ័យ កាត់តាមផ្លូវលេខ២១៧ រង្វង់មូលដីក្រហម (គួរស្រូវ) ។

៤- ខ្សែទី៥ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែនសុខ ដល់ផ្សាអ៊ីអន១ ត្រូវបានបន្លាយឲ្យរត់ដល់ស្ថានីយ ចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ ។

៥- ខ្សែទី៦ ត្រូវបានកែសម្រួលឲ្យរត់ចេញពីរង្វង់មូលគួចកាណុង កាត់ស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ បត់ធ្វេងតាមវិថីឈ្នះ ឈ្នះ ដល់ស្ថានីយចំណតរថយន្តក្រុង នៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ ។

៦- ខ្សែទី៧ រត់ចេញពីចំណតរថយន្តគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវ៥៩៨ កាត់ក្រោមស្ពានអាកាស ៧ មករា ផ្លូវ២៧១ កាត់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក ។

៧- ខ្សែទី៨ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ ស្តុបអង់តែនទួលគោក ស្តុបកាំកូស៊ីធី ផ្លូវឧកញ៉ាម៉ុងឫទ្ធី ផ្លូវសម្តេចជា ស៊ីម បត់ឆ្វេងមកផ្លូវឧកញ្ញា ទ្រីហេង ផ្លូវសហព័ន្ធរុស្ស៊ី បត់ឆ្វេងមកផ្សារស៊ិនជូរីផ្លាហ្សា ។

ចំពោះបណ្តាញខ្សែរត់ដែលត្រូវបន្ថែមថ្មី៖

៨-ខ្សែទី១០ ចេញពីផ្សារស៊ិនជូរីផ្លាហ្សា បត់ស្តុបផ្លូវ២០០៤ តាមផ្លូវ២០០៤ ផ្លូវសឡា ផ្លូវចោមចៅផ្លូវ២១៧ ផ្លូវ៣៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក ។

៩-ខ្សែទី១១ ចេញពីវត្តស្លែង ផ្លូវព្រៃវែង ពងទឹក បត់ឆ្វេងផ្លូវព្រៃស បត់តាមផ្លូវ២១៧ ដល់ច្រមុះជ្រូកស្ទឹងមានជ័យ (វិលជុំ) ។

១០- ខ្សែទី១២ (រត់ជារង្វង់) ចេញពីរាជាយស្ម័យាន មហាវិថីសហព័ន្ធរុស្ស៊ី បត់ឆ្វេងតាមផ្លូវនេរុហ៍ តាមផ្លូវព្រះសីហនុ បត់ស្តាំតាមផ្លូវ១៦៣ បត់ឆ្វេងតាមផ្លូវ៣៦០ បត់ឆ្វេងមកផ្លូវត្រសក់ផ្អែម ផ្សារធំថ្មី បត់ឆ្វេងតាមផ្លូវភ្លោះ ព្រះអង្គឌួង រាជាយស្ម័យាន ។

១១- ខ្សែទី១៣ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ បត់មកបឹងកក់ ឆ្ពោះមកក្តាន់២ ផ្លូវ១៦៩ មកស្តុបនាងគង្ហីង រង្វង់មូលសំពៅ ផ្លូវ១៦៣ មករង្វង់មូលផ្សារដើមថ្កូវ(វិលជុំ)៕ សំរិត


ចែករំលែក៖