ខេត្តកំពង់ស្ពឺ៖ គោយន្តដឹកអុសខូច១គ្រឿង បានចតអែបចិញ្ចើមផ្លូវ គ្មានដាក់សញ្ញាសម្គាល់ ស្រាប់តែយុវជនម្នាក់ បើកម៉ូតូគ្មានពាក់មួកសុវត្ថិភាព បានជ្រុលចង្កូតបុកចំទ្រុងពីក្រោយ បណ្តាលឲ្យរបួសធ្ងន់សន្លប់ស្តូកស្តឹង ។ ចំណែកម្ចាស់គោយន្ត បានគេចខ្លួន។ គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោង៧ និង០៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រាំងស្បែង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ រ៉េន ឆក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកយ៉ាម៉ាហាអិកសុីធើ RC150 ពណ៌ខ្មៅគ្មានស្លាកលេខ ។ ចំណែកគោយន្តបង្កម៉ាកតូតា កម្លាំង១៤សេស ពណ៌ ក្រហមដឹកអុស ធ្លាយកង់ក្រោយ ខាងឆ្វេង ក្រោយកើតហេតុរត់គេចខ្លួន។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ មានគោយន្ត១គ្រឿងធ្លាយកង់ បានចតតាមចិញ្ចើមថ្នល់លេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៧០-៧១បែរក្បាលទៅទិសខាងកើត ដោយមិនមានដាក់សញ្ញាសម្គាល់អ្វីទេ។ លុះមកដល់់ម៉ោងកើតហេតុ មានយុវជនម្នាក់ បើកម៉ូតូលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតបុករទេះគោយន្តខូចចំពីក្រោយ បណ្តាលឲ្យម៉ូតូដួល រងរបួសធ្ងន់ ហើយ អ្នកបើកគោយន្ត បានគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចអន្តរាគមន៍បញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមណ្ឌលសុខភាពត្រពាំងជោរ។ចំណែកយានយន្តទាំង២គ្រឿង សមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាល ចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ