ភ្នំពេញ ៖ យុវសិស្សដែលទើបប្រឡងជាប់បាក់ឌុកថ្មីៗម្នាក់ ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសាររថយន្តហ៊ីយ៉ានដាយ៥តោន ដឹកស៊ីម៉ង់ត៍ ឡើងលើស្ពានលីយ៉ុងផាត់ មិនរួច រលត់ម៉ាស៊ីនរអិលថយក្រោយកិនស្លាប់ ខណៈម្តាយ និងនារីរងគ្រោះជិះម៉ូតូស្របទិសគ្នានៅពីក្រោយរថយន្ត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅលើស្ពានលីយ៉ុងផាត់ផ្នែកខាងកើត ភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ុន តាំងហៀង អាយុ១៩ឆ្នាំ រស់នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ រីឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ឃ ១៣២២ ភព៣ បើកបរដោយបុរសម្នាក់មិនទាន់បានស្គាល់អត្តសញ្ញាណទេ បន្ទាប់ពីកើតហេតុ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ ។
បើតាមស្ត្រីជាម្តាយរបស់នារីរងគ្រោះបាន ឈ្មោះ រុី អាយុ៤២ឆ្នាំ បានឲ្យដឹងថា កូនស្រីគាត់ទើបនឹងប្រឡងបាក់ឌុបជាប់ថ្មីៗនេះ ហើយមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកសង់ឌុបកូនស្រី របស់គាត់ធ្វើដំណើរចេញពីផ្ទះតាមផ្លូវលីយ៉ុងផាត់ គោលបំណងទៅលេងផ្ទះបងប្អូននៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណៈមកដល់ចំណុចកើតហេតុ លើស្ពានលីយ៉ុងផាត់ បានបន្តិច ស្រាប់តែឃើញរថយន្តដឹកស៊ីម៉ង់តិ៍ គេចរថយន្តមួយគ្រឿងទៀត ដែលបើកបរស្របទិសគ្នាពីកើតទៅលិច ពេលនោះ មិនដឹងយ៉ាងម៉េច ស្រាប់តែរថយន្តបង្ករអិលថយក្រោយរេពេញស្ពាន ខណៈគាត់គេចទៅឆ្វេងរថយន្តរេមកឆ្វេង គាត់គេចទៅស្តាំ រថយន្តថយរេទៅស្តាំ គាត់ក៏គេចមកឆ្វេងវិញ ។
ម្តាយនារីរងគ្រោះបន្តថា ខណៈគាត់គេចមកឆ្វេងវិញ ស្រាប់តែកូនស្រីរបស់គាត់លោតចុះពីលើម៉ូតូ ក៏ត្រូវរថយន្តបង្កថយកិនស្លាប់តែម្តង ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កបន្ទាប់ពីគេចរថយន្តមួយគ្រឿងទៀត ក៏រលត់ម៉ាស៊ីនហើយដោយសារដឹកធ្ងន់ជាន់ហ្វ្រាំងមិនសុី ក៏រអិលថយក្រោយ កិនអ្នកជិះម៉ូតូស្លាប់តែម្តង ។ ភ្លាមៗសមត្ថកិច្ចក៏ទៅអន្តរាគមន៍ឃាត់ខ្លួនអ្នកបើកបរបានផងដែរ ។
ជនបង្កនិងរថយន្តត្រូវបានបញ្ជូនទៅការិយាល័យចរាចរផ្លូវគោកនៃស្នងការក្រុងចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ