ខេត្តរតនគិរី៖ ដើមឈើធ្នង់មួយដើម មានទំហំមុខកាត់ជិត១ម៉ែត្រ និងមាន បណ្តោយជិត១០ម៉ែត្រក្នុងព្រៃសហគមន៍នៅតំបន់រមណីយដ្ឋានវាលថ្មរំប្លង់ស្ថិត ក្នុងភូមិតងក្រមាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវឈ្មួញឧក្រិដ្ឋលួចកាប់ដឹក យកទៅបាត់ដោយសុវត្ថិភាព ហើយអាជ្ញាធរមូលដ្ឋានធ្វើហាក់ដូចជាមិនដឹងអី និង មិនខ្វល់ពីការពារសម្បត្តិធម្មជាតិឲ្យគង់ វង្សសោះឡើយ ។
ហេតុការណ៍ក្រុមឈ្មួញលួចកាប់ដើមធ្នង់មួយដើមនេះត្រូវបានប្រជាពលរដ្ឋក្នុងភូមិបង្ហើបឲ្យដឹងថា អាចកើតឡើង នៅវេលាយប់ថ្ងៃចន្ទ ៧រោចខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នៅចំណុចខាងលើយ៉ាងស្ងៀមស្ងាត់។
ក្រោយពេលមានការភ្ញាក់ផ្អើលរឿង កាប់ដើមធ្នង់ដ៏ធំពត៌មានដើមនេះធ្វើឲ្យ ក្រុមឈ្មួញភ័យនាំគ្នា រត់គេចខ្លួនបាត់ ស្រមោលអស់។ បើយោងតាមប្រភពមួយបានបង្ហើបថាឈើធ្នង់ដែលគេលួចកាប់នេះត្រូវបាន ឈ្មោះ តាំង នី រស់នៅក្រុង បានលុងជាអ្នកប្រមូលទិញពីសហគមន៍ការពារព្រៃឈើភូមិតងក្រមាល់។
ប្រភពបានអះអាងទៀតថាការកាប់ដើមធ្នង់១ដើមធំបានដោយរលូននេះគឺឈ្មួញបានទាក់ទងអាជ្ញាធរមូលដ្ឋានរួចអស់ហើយទើបអ្វីៗហួសអស់ទៅហើយ។ ប្រធាន សហគមន៍តំបន់រមណីយដ្ឋានវាលថ្មរំប្លង់ ភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការ បំភ្លឺបានទេ កាលពីរសៀលថ្ងៃទី៣ ខែ តុលា នេះដោយទូរស័ព្ទចូលមិនមានអ្នកលើក។ចំណែកជំនាញរដ្ឋបាលព្រៃឈើផ្នែកអូរជុំ(លោក ថា)បានប្រាប់ថាលោកមិនបានដឹងទេរឿងនេះពីព្រោះលោកនៅ ភ្នំពេញ។
ការកាប់បំផ្លាញឈើប្រណីតក្នុងព្រៃ សហគមន៍ខាងលើប្រជាពលរដ្ឋក្នុងខេត្ត រតនគិរីបានត្រឹមតែខ្សឹបខ្សៀវគ្នាប៉ុណ្ណោះហើយបើតាមប្រជាពលរដ្ឋនិយាយតៗគ្នាថា ឈ្មួញនោះអាងអ្នកមានអំណាចក្នុង ខេត្តម្នាក់នៅឈរពីក្រោយខ្នងទើបការឃុបឃិតគ្នាកាប់ដើមធ្នង់ដឹកចេញបានដោយ រលូនបែបនេះ។យ៉ាងណាគេដឹងថាឈើ ក្នុងព្រៃសហគមន៍តំបន់រមណីយដ្ឋានមួយនេះមិនមែនទើបតែគេកាប់ជាលើកទី១ទេវាជាលើកទី៣ហើយទាំងលើកនេះផង៕ ជីវ័ន្ត