ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០ នៅវត្តមុនី្នប្រសិទ្ធីវង្ស​ ព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ជា ស៊ីណា ឃួង ស្រេង រួមជាមួយមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តមុនី្នប្រសិទ្ធីវង្ស​ សង្កាត់ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន មានមាតា បីតា ជីជូន ជីតា ញាតិកាល ទាំង៧សន្តាន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ ។ ពិធីកាន់បិណ្ឌនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍១០រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ តុលា ឆ្នាំ២០១៨ ។

ពិធីនេះធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយ ប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបជាដើម ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន ដែលបានបែកកាយ រំលាយខន្ធទៅកាន់លោកខាងមុខ និងដើម្បីប្រមូលបច្ច័យមួយចំនួនយកមកកសាងទីអារ៉ាមវត្តឲ្យមានការអភិវឌ្ឍ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងតែអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សនោះ ។

សូមបញ្ជាក់ថា ៖ ក្នុងពិធីនោះ ក្រៅពីប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបប្រគេនដល់ព្រះសង្ឃហើយនោះ លោកឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង នៅបានប្រមូលបច្ច័យបានចំនួន ១២លាន៤៧ម៉ឺនរៀលផងដែរ ដើម្បីប្រគេនដល់ព្រះសង្ឃដើម្បីកសាងទីអារ៉ាមវត្តនេះឲ្យកាន់តែមានការអភិវឌ្ឃមួយកម្រិតទៀត ។

គួររំលិកថា បុណ្យនេះ ត្រូវបាន ពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ (ចន្លោះ ខែកញ្ញា ) ។ ពុទ្ធសាសនិក ខ្មែរធ្វើ បុណ្យ នេះដោយការយកទេយ្យទានផ្សេងៗមាន អាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃ នៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល ១៥ថ្ងៃគត់ ។ ដោយហេតុពុទ្ធសាសនិកមានការមមាញឹក ចំពោះកិច្ចានុកិច្ចប្រចាំថ្ងៃ និងដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗដាក់វេនគ្នាយក ទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទហើយឱ្យឈ្មោះថា វេនទី ១ រហូតដល់វេនទី១៤ ។ រយៈពេល១៤ថ្ងៃនេះឱ្យឈ្មោះថា បុណ្យ កាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ ។ ចំណែកថ្ងៃ ១៥រោចដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិកពីគ្រប់វេនទាំងអស់បាន មកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ។ លុះថ្ងៃទី១៥ត្រូវ នឹងថ្ងៃ១៥រោចខែភទ្របទដែលជាថ្ងៃចុង ក្រោយនេះឱ្យឈ្មោះថា ភ្ជុំបិណ្ឌឬថ្ងៃភ្ជុំបិណ្ឌ ៕ សំរិត


ចែករំលែក៖