ខេត្តកំពង់ធំ៖ បុរសម្នាក់ញៀនស្រា ដួលធ្លាក់ទឹកទន្លេឈ្លក់ទឹកស្លាប់កាល វេលាម៉ោង១៧:៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភ្នំជីមូស ក្នុងភូមិសាស្ត្រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
សពជនរងគ្រោះមានឈ្មោះ ឡុង រិន ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរនេសាទត្រី ត្រូវបានសាច់ញាតិដឹកយកមកផ្ទះនៅភូមិស្ពានគ្រង ឃំុចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំ។
សមត្ថកិច្ចជំនាញស្រុកស្ទោងបានឲ្យដឹងថាក្រោយពី ទទួលព័ត៌មានភ្លាម បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានចុះទៅពិនិត្យសព។
តាមការបំភ្លឺពីឈ្មោះ ជិន និមល ត្រូវជាប្រពន្ធសពជនរងគ្រោះបានបញ្ជាក់ថា៖ រូបគាត់និង ប្តីបានទៅរកស៊ីដាក់មងនិងលក់ចាប់ហួយបន្តិចបន្ទួចនៅជើងភ្នំជីមូស ហើយប្តីគាត់ឈ្មោះ ឡុង រិន ជាមនុស្សស្រវឹងស្រាជាប្រចាំ លុះថ្ងៃទី០២ ខែ តុលា ឆ្នាំ២០១៨ ម៉ោងប្រហែល៥: ០០នាទីល្ងាច ប្តីគាត់បានដើរទៅលើភ្នំតែម្នាក់ឯង រហូតម៉ោងប្រហែល១១យប់ គាត់បានលឺសម្លេងធ្លាក់ទឹកព្រូងតែគាត់ស្មានតែឆ្កែ ដោយបាត់ប្តីយូរពេក គាត់បានអំុទូកសួរអ្នកជិតខាងតែគ្មាននណាឃើញឡើយរហូតមកដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ២០១៨ ម៉ោង១:៣០នាទីថ្ងៃរសៀល ឪពុកគាត់ឈ្មោះ អ៊ួន ជិន បានឲ្យឈ្មោះ ចិត្ត មុជទឹកមើលក្រោមទូកស្រាប់តែ ឃើញប្តីគាត់ស្លាប់បាត់ទៅហើយក្នុងទឹកជម្រៅជាងបីម៉ែត្រ។
ឆ្លងតាមការពិនិត្យសពជនរងគ្រោះសមត្ថកិច្ចជំនាញពុំឃើញមានស្លាកស្នាមអ្វីឡើយគួរឲ្យកាត់សម្គាល់ឡើយ ទើបសន្និដ្ឋានថា៖ សពជនរងគ្រោះគឺពិតជាស្រវឹងស្រាធ្លាក់ទឹកបណ្តាលលង់ស្លាប់ពិតប្រាកដមែន។
ក្រោយពីពិនិត្យចប់សព្វគ្រប់រួច សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី