ខេត្តកណ្ដាលៈ យុវជនម្នាក់ពុំដឹងជាមានវិបត្តិអ្វី បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនទៅនឹងដើមស្វាយ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១១និង០០នាទី នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចដីចំការស្វាយរបស់ឈ្មោះ ពូន លុយ ស្ថិតក្នុងភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធាម ធីប ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុក កោះធំ ខេត្តកណ្តាល ។ វត្ថុតាងយកបានមាន៖ ខ្សែនីឡុង ពណ៌ខ្មៅ ប្រវែង ២,៥០ម៉ែត្រ ។
ប្រភពដដែលបន្តថា យោងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ឃី ឈន ភេទប្រុស អាយុ៦៤ឆ្នាំ ត្រូវជាឪពុកមាជនរងគ្រោះ បានឲ្យដឹងថា ពីមុនមកជនរងគ្រោះធ្លាប់បានធ្វើអត្តឃាតចងករសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវបង ប្អូន និងអ្នកជិតខាងដឹងជួយសង្រ្គោះបានទាន់ពេវេលា ។
ក្រោយមកជនរងគ្រោះបានចេញពីមូលដ្ឋានទៅធ្វើជាកម្មករ សំណង់នៅខេត្តព្រះសីហនុ ។ លុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានត្រឡប់មកស្រុកកំណើតវិញ ដើម្បីមកចូលរួមពិធីបុណ្យកាន់បិណ្ឌ រហូតស្អែកឡើងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទី ប្រជាពលរដ្ឋជិតខាងបានប្រទះឃើញជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតទៅនិងដើមស្វាយ របស់ឈ្មោះ ពូន លុយ ខាងកើតផ្ទះជនរងគ្រោះចំងាយ៧០ម៉ែត្រ ដោយខ្សែនីឡុង ពណ៌ខ្មៅ ភ្លាមនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងរាយការណ៍បន្ត ដល់នគរបាលជំនាញស្រុកដើម្បីធ្វើការពិនិត្យ និងកោសល្យវិច្ច័យផងដែរ ។
បន្ទាប់ពីទទួលបានព័ត៌មានរួច កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន រួចធ្វើការពិនិត្យសាកសព ដោយឃើញថា៖ ជនរងគ្រោះមាន ស្លាកស្នាម កផ្នែកខាងមុខ លើគ្រាប់ពោន ពីក្រោមទងត្រចៀកខាងឆ្វេង ដល់ក្រោមទងត្រចៀកខាងស្តាំ ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន ។ ក្រោយពី ពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចយើងបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍ ៕ ស្អាងជ័យ