ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាអ្នកទោសម្នាក់ ពាក់ព័ន្ធគ្រឿងញៀន ប្រើល្បិចមកពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យជប៉ុន ហើយព្យាយាម រត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញចាប់បានវិញ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលជាអ្នកទោស ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ប្រើល្បិចឲ្យសមត្ថកិច្ចអនុរក្សពន្ធធានាគារជូនមកពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យជប៉ុន ហើយព្យាយាមរត់គេចខ្លួនរហូតដល់អាគារសង់ថ្មីនៅតំបន់បឹងកក់ តែគេចមិនផុតត្រូវសមត្ថកិច្ចដេញតាមចាប់បានវិញភ្លាមៗផងដែរ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ករណីអ្នកទោសរត់គេចខ្លួនខាងលើនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង ៣០នាទីល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់អគារសង់ថ្មី នៅក្នុងតំបន់វាលខ្សាច់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្រ្តីដដែលបន្តទៀតថា ស្ត្រីជាអ្នកទោស ដែលព្យាយាមរត់គេចខ្លួននេះឈ្មោះ វ៉ាន់ ស្រីរ័ត្ន ត្រូវបានកម្លាំងសម្ថកិច្ច ឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ កន្លងមក ពីបទជួញដូរ និងប្រើប្រាស់ថ្នាំញៀន ។ ហើយមុនពេល កើតហេតុ នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៨ ដោយសារតែស្រ្តីខាងលើ មានអាការៈ ធ្លាក់ឈាមខ្លាំង ទើបកម្លាំងអនុរក្ស( ម២) នៃពន្ធនាគារព្រៃស មួយក្រុមបានដឹកនាងតាមរថយន្តមួយគ្រឿង យក មកមន្ទីរពេទ្យជប៉ុន ដើម្បីឲ្យក្រុមគ្រូពេទ្យត្រួតពិនិត្យ មើលផ្ទៃពោះរបស់នាង ។

តាមប្រភពដដែលបន្តថា ពេលដែលកម្លាំងអនុរក្ស បាននាំខ្លួនស្រីជាប់ចោទមកដល់មន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យពិនិត្យផ្ទៃពោះ ហើយរូបគេបានប្រើល្បិចថា << នាងចុកពោះ និង សុំចូលបន្ទប់ទឹកមួយ ភ្លែត >> ស្រាប់តែបាត់ ខ្លួនរូបនាងរត់គេចខ្លួនបាត់ ។ ភ្លាមនោះកម្លាំងអនុរក្សព្រៃគុកស ក៏បានសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ ស្រះចក ខណ្ឌដូនពេញ តាមរកភ្លាមៗ ស្រាប់តែឃើញនាងកំពុងជិះម៉ូតូឌុបមួយគ្រឿងរត់ចេញពីមន្ទីរពេទ្យជនប៉ុន និងព្យាយាមរត់គេចខ្លួន ចូលទៅសម្ងំក្នុងការដ្ឋានសំណង់អគារដ៏ធំមួយកន្លែង ទើបកម្លាំងធ្វើការឡោមទ័ព្ធ អស់ រយៈពេលជាច្រើនម៉ោងទើបឃាត់ខ្លួនបានវិញ ។

ក្រោយឃាត់ខ្លួនបានវិញហើយ កម្លាំងសមត្ថកិច្ចអនុរក្ស បញ្ជូនជនជាប់ចោទទៅកាន់ពន្ធនាគារព្រៃសវិញ ដើម្បី អនុវត្តទោសបន្តទៀត ៕ស តារា


ចែករំលែក៖